ទីក្រុងឡុង៖ ម្ចាស់ក្សត្រីចក្រភអង់គ្លេស អេលីហ្សាបេតទី២ (Elizabetht II) បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា នារសៀលថ្ងៃព្រហស្បតិ៍ នៅឯប្រាសាទរបស់ព្រះអង្គ ក្នុងប្រទេសអេកុស ជាកន្លែងដែលព្រះអង្គយាងលំហែព្រះកាយក្នុងរដូវក្តៅ។
ព្រះមហាក្សត្រិយានី អាលីហ្សាបេតទី២ បានឡើងគ្រងរាជ្យសម្បត្តិ នៅឆ្នាំ១៩៥២ ក្នុងព្រះជន្មាយុ២៥ព្រះវស្សា។
ព្រះរាជបុត្រច្បងគេបង្គស់របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ឆាលទី៣ (Charles III) បានមានព្រះបន្ទូលថា ការយាងចូលទិវង្គតរបស់ព្រះមាតាជាទីគោរពស្រឡាញ់របស់ទ្រង់ គឺជាគ្រានៃទុក្ខសោកយ៉ាងខ្លាំង សម្រាប់ព្រះអង្គ និងសម្រាប់រាជវង្សានុវង្សរបស់ទ្រង់ ហើយថា ការបាត់បង់របស់ទ្រង់ នឹងមានអារម្មណ៍សោកស្តាយយ៉ាងជ្រាលជ្រៅ នៅជុំវិញពិភពលោក។
ព្រះអង្គបានព្រះបន្ទូលថា «យើងសូមកាន់ទុក្ខយ៉ាងក្រៀមក្រំចំពោះការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានីដ៏គួរឲ្យគោរពស្រឡាញ់ និងជាម្ដាយជាទីស្រឡាញ់បំផុត»។
ព្រះអង្គម្ចាស់ ឆាលទី៣ ដែលត្រូវឡើងសោយរាជបន្តពីព្រះមាតា បានមានព្រះបន្ទូលទៀតថា «ខ្ញុំដឹងថា ការបាត់បង់របស់ព្រះមហាក្សត្រិយានី នឹងមានអារម្មណ៍សោកសង្រេងក្រៀមក្រំ នៅទូទាំងចក្រភពអង់គ្លេស និងនៅជុំវិញពិភពលោក»។
ព្រះបរមរាជវាំង បាក់ឃីងហាំ (Buckingham) បានប្រកាសថា ព្រះមហាក្សត្រថ្មី និងមហាក្សត្រិយានីរបស់ទ្រង់ ព្រះនាម កាមីឡា (Camilla) នឹងយាងដង្ហែព្រះសពមហាក្សត្រី អេលីហ្សាបេតទី២ ត្រឡប់មកកាន់ទីក្រុងឡុងវិញ នៅថ្ងៃសុក្រនេះ។ គេរំពឹងថា ព្រះអង្គនឹងថ្លែងសារកាន់ទុក្ខទៅកាន់ប្រជាជាតិអង់គ្លេសទាំងមូល។
រាជវង្សានុវង្សជាន់ខ្ពស់ បានជួបជុំគ្នានឯជប្រាសាទ បាល់ម៉ូរ៉ាល់ (Balmoral) ក្នុងប្រទេសអេកុស បន្ទាប់ពីក្រុមគ្រូពេទ្យរបស់ព្រះមហាក្សត្រិយានី ប្រកាសពីការព្រួយបារម្ភអំពីព្រះរាចសុខភាពរបស់ព្រះអង្គ គឺមុនព្រះអង្គយាងចូលទិវង្គត។
ព្រះរាជបុត្រា បុត្រី ទាំងអស់របស់ព្រះមហាក្សត្រិយានី បានធ្វើយាងទៅកាន់ប្រាសាទ បាល់ម៉ូរ៉ាល់ បន្ទាប់ពីគ្រូពេទ្យបានដាក់ព្រះមហាក្សត្រិយានី ក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានមានប្រសាសន៍ថា«ព្រះមហាក្សត្រិយាី គឺជាសសរស្តម្ភដ៏រឹងមាំរបស់ចក្រភពអង់គ្លេស ក្នុងសម័យទំនើប ដែលបានផ្តល់ឲ្យយើងនូវស្ថេរភាព និងភាពរឹងមាំ»។
ថ្លែងសំដៅទៅព្រះមហាក្សត្រថ្មី គឺព្រះអង្គម្ចាស់ ឆាលទី៣ លោកស្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងសូមថ្វាយព្រះអង្គនូវភាពស្មោះត្រង់ និងភក្តីភាពរបស់យើង ដូចព្រះមាតាទ្រង់បានលះបង់យ៉ាងច្រើនដល់មនុស្សជាច្រើន និងអស់រយៈពេលយ៉ាងយូរ»។
លោកស្រីបានថ្លែងបន្តថា «ជាមួយនឹងការកន្លងផុតទៅនៃយុគសម័យ អេលីហ្សាបេតទី២ យើងឈានទៅរកយុគសម័យថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃប្រទេសដ៏អស្ចារ្យរបស់យើង ដូចដែលព្រះអង្គចង់បាន។ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រ»៕