លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាកម្មទេសចរណ៍នានា ប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បែបនេះក្នុងពិធី ជួបសំណេះសំណាល ជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ និងផ្ទះស្នាក់សហគមន៍ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ លោកបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រកបដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណូលខ្ពស់ និងអាចដើរកម្សាន្តបានច្រើនដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦.២លាននាក់ និងទេសចរជាតិជាង ១០លាននាក់ ដោយឡែកគ្រាន់តែក្នុងសង្ក្រានឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសដល់ទៅជាង ៨លាននាក់ ហើយមានការចំណាយយ៉ាងច្រើន៕