ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់

 

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍សិក្សា អំពីការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ខេត្តកែប ឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកថោង ខុន បានបន្តថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។

រដ្ឋមន្រ្តី ថោង ខុន បញ្ជាក់ថា ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ រាជរដ្ឋាភិបាលក៏បានសម្រេចលើការសិក្សារៀបចំ «ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍» ក្នុងពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០២០ ខាងមុខ៕