ភ្នំពេញ៖ លោក អ៊ូ បញ្ញា ស្ថាបនិកនិងប្រធានសហគមន៍រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដបានថ្លែងឲ្យដឹងថា រយៈពេល ៥ឆ្នាំនៃការវិនិយោគនិងអភិវឌ្ឍនៅរមណីដ្ឋានក្រាវកុដនៃខេត្តសៀមរាបនេះគឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្តានុពលតំបន់នេះជាកន្លែងទាក់ទាញ ហើយទៅថ្ងៃអនាគតនឹងក្លាយជាគោលដៅកម្សាន្តបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលភ្ញៀវមកទស្សនាខេត្តសៀមរាប។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនលោកបានវិនិយោគនៅតំបន់នេះ គឺមានការទាក់ទាញក្រុមហ៊ុនវិនិយោគធំជាច្រើនទៀតមកអភិវឌ្ឍនៅតំបន់នេះ ជាពិសេសក្រុមហ៊ុនអចលនទ្រព្យកំពុងតែវិនិយោគពុះដីឡូតិ៍ និងផ្ទះលំហែកាយក៏ដូចជាកន្លែងកម្សាន្តបែបធម្មជាតិផងដែរ។
លោក អ៊ូ បញ្ញា ថ្លែងទៀតថា ទៅថ្ងៃអនាគតតំបន់ត្រាវកុដនឹងក្លាយជាតំបន់ប្រមូលផ្តុំដោយអ្នកវិនិយោគមកអភិវឌ្ឍផ្នែកដីធ្លី និងទេសចរ នេះជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុក ហើយគោលដៅធំរបស់អ្នកវិនិយោគគឺចង់បង្កើតការងារដល់ពលរដ្ឋនិងបង្កើនប្រាក់ចំណូលបន្ថែមទៀតដល់សហគមន៍។
រមណីដ្ឋានធម្មជាតិឋានសួគ៌ត្រាវកុដស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាបដែលមានទំផ្ទៃហំដីប្រមាណជាង៦០ ហិកតា និងបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ហើយតំបន់នោះមានផ្លូវប្រសព្វ រវាងប្រាសាទអង្គរវត្ត ទឹកជ្រោះភ្នំគូលែន ប្រាសាទបឹងមាលា និងគម្រោងអភិវឌ្ឍថ្មីៗនៃព្រលានយន្ដហោះអន្ដរជាតិនៅខេត្ដសៀមរាបផងដែរ។
ប្រធានសហគមន៍ខាងលើបន្ថែមថា ស្របពេលដែលមានភ្ញៀវទេសចរទៅទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំសហគម៍រមណីដ្ឋានត្រាវកុដបានបង្កើតមុខរបរដល់ប្រជាពលរដ្ឋជាង១ ម៉ឺននាក់ កន្លងមក តាមរយៈការលក់មាន់ស្រែ បន្លែធម្មជាតិ ពោលគឺផលិតផលធម្មជាតិពីប្រជាសហគមន៍នៅតំបន់នោះផងដែរ៕