ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ និងគណៈប្រតិភូបាន​មក​ដល់​កម្ពុជា​ហើយ​នៅសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះ

​ភ្នំពេញ៖​  លោកស្រី​ អ៊ុង សាន​ស៊ូ​ជី​ (Aung​ San​ Suu​ Kyi)​ទីប្រឹក្សា​រដ្ឋ​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជាបានហើយនៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​

​ថ្នាក់ដឹកនាំ​មី​យ៉ា​ម៉ា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ ​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​អំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​របស់​លោកស្រី​ អ៊ុង​ សាន​ស៊ូ​ជី​ នឹង​ចូល​ថ្វាយបង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ នៅ​ក្នុង​ព្រះ​បរមរាជវាំង​។​

​លោកស្រី​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សមជា​បន្តបន្ទាប់​ ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ និង​សម្តេច​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​។​

​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ លោកស្រី​ទីប្រឹក្សា​រដ្ឋ​ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមាន​ឯករាជ្យ​ និង​ព្រះ​មណ្ឌល​ព្រះ​បរម​រតន​កោដ្ឋ​ អតីត​ព្រះមហាក្សត្រ​កម្ពុជា​។​ នៅ​ចុងបញ្ចប់​ នៃ​ដំណើរ​ទស្សនកិច្ច​ លោកស្រី​ នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយ​ចំនួន​ នៅ​ខេត្តសៀមរាប​៕