ថ្ងៃអាទិត្យនេះគឺថ្ងៃ ២ធ្នូប្រហែលក្មួយៗ ចៅៗ និងជនរួមជាតិមួយចំនួន មិនដឹងទេថា តើមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអ្វីខ្លះទាក់ទងនឹងថ្ងៃ២ធ្នូ។ សម្តេចរំលឹកថា«ថ្ងៃនេះ ៣១ឆ្នាំ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងខ្ញុំបានជួបគ្នាជាលើកទីមួយនៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)ប្រទេសបារាំងដើម្បីចាប់ផ្តើមកិច្ចចចារបង្រួមបង្រួមជាតិជាផ្លូវការ។ ខ្ញុំជាអ្នកជ្រើសរើសថ្ងៃទី២ ខែធ្នូនេះព្រោះវាក៏ជាថ្ងៃដែលក្រុមចលនារបស់ បង ហេង សំរិន បងជា សុីម ថ្នាក់ដឹកនាំផ្សេងទៀតនិងរូបខ្ញុំផ្ទាល់បានរួមគ្នាប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨ ដែលគិតមកដល់ថ្ងៃនេះគឺចំ៤០ឆ្នាំគត់តែម្តង»។
ត្រង់នេះអ្នកប្រឆាំងនឹងគណបក្សប្រជាជនពិតជាមិនដែលស្វែងយល់ទេហើយបើទោះជាដឹងក៏ធ្វើមិនយល់ដែរត្រង់អត្ថន័យនៃការបង្រួបបង្រួមជាតិសង្គ្រោះជាតិ និង សាមគ្គីភាព ។
ពាក្យទាំង៣នេះ មានអត្ថន័យជ្រាលជ្រៅណាស់ ដែលសូម្បីតែវចនានុក្រមក៏មិនអាចបង្ហាញអស់ដែរ។ ថ្ងៃនេះ ខ្ញុំចង់និយាយពីសាមគ្គីភាពបន្តិច ។ ចំពោះការសង្គ្រោះជាតិ ក្មួយៗ ចៅៗ ជនរួមជាតិធ្លាប់មើលកម្រងឯកសារ « ដំណើរឆ្ពោះទៅការសង្រ្គោះជាតិពីរបបើប្រល័យពូជសាសន៍ ប៉ុល ពត »រួចហើយ ឯពាក្យបង្រួបបង្រួមជាតិ ខ្ញុំនឹងលើកមកពន្យល់ពេលក្រោយ។
ពាក្យថា សាមគ្គីភាព ក្នុងវចនានុក្រម មិនបានប្រាប់ទេថាត្រូវធ្វើយ៉ាងណា ទើបអាចបង្កើតសាមគ្គីភាព ថែរក្សាសាមគ្គីភាពឱ្យនៅគង់វង្សស្ថិតស្ថេរនោះទេ។ វត្តមានរបស់គណបក្សប្រជាជនដែលមានកំណើតតាំងពីថ្ងៃ២៨ មិថុនា ឆ្នាំ១៩៥១ មកទល់បច្ចុប្បន្ន គឺមកពីការប្រកាន់ខ្ជាប់ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាពជាតិនេះឯង ។
ជាក់ស្ដែងនៅពេលយើងបង្កើតចលនាដើម្បីរំដោះប្រជាជន និងប្រទេសជាតិពីរបបប៉ុលពត យើងបានបន្តស្មារតីសាមគ្គីភាព ដោយប្រមូលផ្ដុំយុទ្ធជនស្នេហាជាតិពីគ្រប់ទិសទីពួតដៃគ្នាប្រយុទ្ធដើម្បីសង្រ្គោះប្រទេសជាតិនិងប្រជាជនចេញពីរបបអាវខ្មៅ។
ក្មួយៗ ចៅៗ ដែលបានរៀនសូត្រសុទ្ធតែដឹងហើយថាត្រូវចេះសាមគ្គីគ្នា ។ ហើយម្នាក់ៗសុទ្ធតែសច្ចាក្នុងចិត្តថាសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ តែការសច្ចា និងសន្យានៅនឹងមាត់ពេលដែលយើងមានហូបឆ្អែតពាក់ក្រវ៉ាត់កអាវធំក្នុងម៉ាសុីនត្រជាក់ មានន័យដូចគ្នាឬទេនៅពេលដែលអាសន្នអន់ក្រមកដល់?
សាមគ្គីភាពត្រូវការការលះបង់ និងចែករំលែក។ ក្មួយៗ ចៅៗ សាកពិចារណា ដាក់អារម្មណ៍មើលថា បើក្មួយៗ ចៅៗ កំពុងស្រេកទឹកខ្លាំងហើយនៅជុំវិញគ្មានប្រភពទឹកទាល់តែសោះក្រៅពីទឹកក្នុងបំពង់ទឹកផ្ទាល់ខ្លួនរបស់ក្មួយ តែមិត្តភក្ដិក្មួយផ្សេងៗទៀតដែលក្មួយសន្យា និងសច្ចាថាសាមគ្គីជាមួយគ្នាស្រេកទឹកដូចក្មួយគ្រាន់តែគ្នាគ្មានសល់ទឹកក្នុងបំពង់សោះ តើក្មួយនឹងធ្វើយ៉ាងណា នៅពេលដែលសាមគ្គីភាពនិងប្រយោជន៍ខ្លួនផ្ទាល់ត្រូវប្រឆាំងគ្នា? ត្រង់នេះ មានតែស្ថានភាពជាក់ស្តែងទេទើបយើងអាចស្វែងយល់ពីមិត្តយើង ឬជាពិសេសទៀតនោះ ពីខ្លួនឯងផ្ទាល់តែម្តង ។
នេះគ្រាន់តែឧទាហរណ៍រឿងស្រេកទឹកប៉ុណ្ណោះ !កាលនៅក្នុងសម័យសង្គ្រាមវិញ ខ្ញុំនិងបងប្អូនយុទ្ធមិត្តក្នុងគណបក្សប្រជាជនបានឆ្លងកាត់លើសនេះច្រើនណាស់ ។ ពេលខ្លះពួកយើងប្តូរជីវិតដើម្បីសង្គ្រោះមិត្តយើងដែលត្រូវរបួស ពេលខ្លះទៀតយើងប្តូរជីវិតដើម្បីរំដោះយកសាកសពយុទ្ធមិត្តយើងពីសត្រូវមកទៀតផង ។
ត្រង់នេះហើយដែលគណបក្សប្រជាជន មិនប្រេះស្រាំបែកបាក់សាមគ្គី ។ សាមគ្គីមិនមែនមានន័យត្រឹមរូបថតមួយសន្លឹកកាន់ដៃគ្នានោះទេ!សាមគ្គីគឺសប្បាយពេលឃើញគ្នាបានសុខ និងរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាកជាក់ស្តែង។ សាមគ្គីតម្រូវឱ្យចេះចែករំលែករបស់កម្រជាមួយគ្នា មិនមែនចែករំលែកតែរបស់សំបូរហូរហៀនោះទេ។
ម្យ៉ាងវិញទៀត សាមគ្គីជាតិតម្រូវឱ្យមានការអត់ឱនឲ្យគ្នា ។តើក្មួយៗ ចៅៗ ដែលធ្លាប់ឱ្យអ្នកដែលធ្វើខុសហើយសុំទោសខ្លួនឬទេ ? នៅក្នុងចំណោមអ្នកដឹកនាំកម្ពុជាតាំងពីសម័យបូរាណមក ខ្ញុំប្រហែលជាអ្នកដឹកនាំតែមួយគត់ដែលមានការអត់ឱនឲ្យច្រើនជាងគេ។ អ្នកក្បត់ជាតិក្នុងសម័យមុន មានតែសេចក្តីស្លាប់ប៉ុណ្ណោះ ប៉ុន្ដែខ្ញុំវិញ មានតែលើកលែងទោសដល់អ្នកដែលដឹងកំហុស។ ខ្លះម្តង ខ្លះរហូតដល់ទៅពីរដង។
ប៉ុន្តែមិនអាចមានលើកទី៣ឡើយ។ ខ្ញុំសង្ឃឹមថាក្មួយៗ ចៅៗ ជនរួមជាតិយើងចេះចែកដាច់ពីការអត់ឱនដើម្បីសាមគ្គីភាពជាតិ និងការត្រូវគេបោកដដែលៗ ត្រង់នេះក៏យើងត្រូវចេះរកផ្លូវកណ្ដាលមួយដែរ។
ជាចុងក្រោយ សាមគ្គីភាពជាតិតម្រូវឲ្យក្មួយៗ ចៅៗ ជនរួមជាតិចេះចែកឲ្យដាច់ពី អ្វីដែលជាការប្រឆាំងក្នុងលក្ខណៈនយោបាយជាតិដើម្បីស្ថាបនាទាំងអស់គ្នា និងអ្វីជាការប្រឆាំងនឹងផលប្រយោជន៍ផ្ទាល់របស់ជាតិយើងទាំងមូល ។ ខ្មែរយើងអភព្វណាស់ទៅហើយ ខ្ញុំមិនចង់ឲ្យយើងជួបរឿងអភព្វដូចសម័យកាលមុននោះទេ។ ប៉ុន្តែត្រង់នេះក៏ត្រូវការការទទួលខុសត្រូវមួុយរួមគ្នាដែរ ។
ខ្មែរគ្រប់គ្នាមានសេរីភាពក្នុងការបោះឆ្នោតត្រូវបោះដោយការទទួលខុសត្រូវ យើងមានសិទ្ធបញ្ចេញមតិក៏ត្រូវបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវដែរ ទើបយើងលើកស្ទួយសាមគ្គីភាពជាតិបាន។
ទាំងនេះជាអត្ថន័យនៃសាមគ្គីភាពដែលខ្ញុំចង់ចែករំលែកតាមស្មារតីនៃថ្ងៃ២ធ្នូ ដល់ក្មួយៗ ចៅៗ យកទៅអនុវត្ត។ សូមក្មួយៗ ចៅៗ បន្តថែរក្សាសាមគ្គីភាពជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីអនាគតកម្ពុជារបស់យើងទាំងអស់គ្នា៕