ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារហើយ​​មិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ

កំពត៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់​ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយសម្តេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ។

សម្តេចតេជោក៏បានណែនាំលោក បណ្ឌិត សុខ ទូច ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា កុំចង់ឱ្យរាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់ដូចពីមុនអី។


សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នយោបាយអាទិភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវសម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៅមុខទៀត។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ​ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទេនោះ កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងបំផុតមកដល់ពេលនេះ។
ទាក់ទងទៅនឹងទិវារំលឹកខួប២៤ ឆ្នាំ ថ្ងៃដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោបានមានប្រសាសន៍ថា មានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៃការដាក់ចេញនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជា មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ។
ពាក់ព័ន្ធទៅនឹងបញ្ហានៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការទៅទទួលយកវ៉ាក់សាំងដូសជំរុញ។សម្តេចតេជោ ក៏បានប្រកាសកំណត់គម្លាត៦ខែ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ទាប់ទៀតផងដែរ។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះការវិវឌ្ឍស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ។ពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ។