ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហជីព​កម្មករ និងអង្គការ​សមាគម ​ប្រារព្វខួបទី១៣៣នៃទិវាពលកម្ម​អន្តរជាតិ ​១​ឧសភា

 ភ្នំពេញ៖ អង្គការ​សមាគម សហជីព​កម្មករ​ជាច្រើន បាន​សហការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅ​សួនច្បារ មុខ​ឃ្លាំង​សាំង ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែឧសភា​ឆ្នាំ២០១៩។ពិធី​ជួបជុំ​នេះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើ​ដោយ​មិនមាន​ហែ​ក្បួន​តាមផ្លូវ​ទេ គឺ​ដាក់​ញត្តិ​នៅ​កន្លែង​ប្រារព្ធ​ពិធី ដោយមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ទៅ​ទទួលយក​ញត្តិ​ទាំងនោះ​។

​កម្មករនិយោជិត សហគមន៍ សមាគម សហជីព និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ខាង​លើកកម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ បានរៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី​១៣៣ ក្រោយ​ប្រធានបទ “​រួមគ្នា​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​ទីផ្សារការងារ​”​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត អនុញ្ញាត​ឲ្យ​សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​លើក​ទី​១៣៣ ប្រធានបទ «​រួមគ្នា​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ​និយោជិត និង​ទីផ្សារការងារ​» នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​ក្នុង​លិខិតនោះបាន​បញ្ជាក់ថា «​ចំពោះ​សំណើសុំ​រៀបចំ​កម្មវិធី​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​លើក​ទី​១៣៣ នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ០៧:៣០​នាទី ដល់​ម៉ោង ១១:០០ នាទី ដោយ​ជួបជុំគ្នា នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ដែលមាន​អ្នកចូលរួម​ប្រមាណ ១០០០​នាក់ របស់​តំណាង​គណៈកម្មការ ធ្វើការ​ងារ​លើ​វិស័យ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​យេនឌ័រ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ( ប៉ែក​ខាងត្បូង ) ប៉ុន្តែ​លោក លោកស្រី ត្រូវធ្វើ​ការប្រគល់​ញត្តិ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នៅនឹងកន្លែង​ប្រារព្ធ​ពិធី​»​។​

​ក្នុង​លិខិត​ដដែល លើកឡើងថា «​ដើម្បី​ឲ្យ​ការរៀបចំ​ពិធី​ខាងលើនេះ ដំណើរការ​ដោយ​រលូន និង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ លោក លោកស្រី ត្រូវ​សហការ​ឲ្យ​បានល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ចូលរួម​អនុវត្តតាម​ស្មារតី​អង្គប្រជុំ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​»៕​