ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ។
លោកបណ្ឌិត Mahendra Lohani ប្រធានកម្មវិធីជាន់ខ្ពស់អង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី និងលោក Bob Bloom អនុប្រធានប្រតិបត្តិនៃអង្គការហេហ្វឺអន្តរជាតិប្រចាំសហរដ្ឋអាមេរិកក៏បានកោតសរសើ ចំពោះចំណាប់អារម្មណ៍យ៉ាងមានអត្ថន័យផងដែររបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជាកំពុងប្រារព្ធនាពេលនេះ នឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការដើម្បីរួមគ្នាបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។
លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួងសម្រាប់អភិវឌ្ឍវិស័យកសិកម្មគឺត្រូវធ្វើយ៉ាងណាចួលរួមប្រែក្លាយ “កសិកម្មកម្ពុជាឱ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា” ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះក្រសួងបានដាក់ចេញនូវយន្តការសំខាន់ៗសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មរួមមាន៖
១. ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំតាមរយៈការធ្វើពិពិធកម្មដំណាំដែលមានសក្តានុពល និងបង្កើនការនាំចេញផលិតផលដំណាំកសិកម្ម ដោយពង្រីកទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារខ្ពស់ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។
២. ជំរុញកំណើនផលិតកម្មសត្វ ដោយត្រូវបង្កើនផលិតផលសាច់ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងជំរុញការចិញ្ចឹមគោពូជកូនកាត់ល្អៗ និងកំពុងមានទីផ្សារ។
៣. បង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាស្ថិរភាពនៃការចាប់ផលនេសាទពីធម្មជាតិក្នុងរង្វង់៦០០ពាន់តោនក្នុងមួយឆ្នាំ បង្កើនផលវារីវប្បកម្មឱ្យបាន២០%ក្នុងមួយឆ្នាំៗនឹងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង។
៤. បន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឱ្យកើន២០%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព៕