កដ្ឋមណ្ឌូ៖ អាជ្ញាធរប្រទេសនេប៉ាល់បាននិយាយថា មនុស្សចំនួន៦៨នាក់បានស្លាប់ ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរក្នុងស្រុក ដែលមានមនុស្សជិះ៧២នាក់ ធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយ ខណៈពេលចុះចតនៅអាកាសយានដ្ឋានទើបបើកថ្មីក្នុងទីក្រុងប៉ុខារ៉ា (Pokhara) ។
នេះគឺជាឧបទ្ទវហេតុធ្លាក់យន្តហោះដ៏សាហាវបំផុតក្នុងប្រទេសនេប៉ាល់ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកជួយសង្គ្រោះកំពុងរុករកនៅកន្លែងធ្លាក់ ដែលមានចម្ងាយប្រហែលជិតពីរគីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិប៉ុខារ៉ា។
នៅកន្លែងធ្លាក់ អ្នកជួយសង្គ្រោះបានប្រើខ្សែពួរដើម្បីទាញសាកសពចេញពីបំណែកយន្តហោះ ដែលផ្នែកខ្លះកៀបជាប់នៅលើគែមជ្រលងភ្នំ។ សាកសពខ្លះត្រូវឆេះខ្លោចស្គាល់ ត្រូវបានអ្នកពន្លត់អគ្គីភ័យដឹកទៅកាន់មន្ទីរពេទ្យ ជាកន្លែងសាច់ញាតិបានប្រមូលផ្តុំ។
គេមិនទាន់ដឹងច្បាស់ថា តើយន្តហោះនេះធ្លាក់ដោយសារអ្វីនោះទេ។
សាក្សីម្នាក់បាននិយាយថា គាត់បានឃើញយន្តផ្អៀងក្រឡាប់យ៉ាងខ្លាំងនៅលើអាកាសព្យាយាមចុះចត ហើយបន្ទាប់មកបានធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅ។
អាជ្ញាធរអាកាសចរណ៍បាននិយាយថា យន្តហោះនេះបានទាក់ទងចុងក្រោយជាមួយព្រលានយន្តហោះពីក្បែរនោះ នៅម៉ោង១០ និង៥០នាទីព្រឹក មុនពេលធ្លាក់ចូលជ្រលងជ្រោះ។
យន្តហោះដឹកអ្នកដំណើរ ម៉ាស៊ីនភ្លោះប្រភេទ ATR 72 របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៃប្រទេសនេប៉ាល់ កំពុងហោះហើរពីរដ្ឋធានីកដ្ឋមណ្ឌូ ទៅកាន់ក្រុង ប៉ខារ៉ា។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះបានដឹកអ្នកដំណើរចំនួន៦៨នាក់ រួមទាំងជនបរទេស១៥នាក់ ក៏ដូចជាសមាជិកនាវិក៤នាក់ផងដែរ។ ជនបរទេសទាំងនោះរួមមានជនជាតិឥណ្ឌា៥នាក់ រុស្ស៊ី៤នាក់ កូរ៉េខាងត្បូង២នាក់ និងមកពីអៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំង។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅក្នុងស្រុក បាននិយាយថា អ្នកជួយសង្គ្រោះនឹងស្វែងរកសាកសពបន្ថែមទៀតនៅខាងក្រោមជ្រលងភ្នំ។
រូបភាព និងវីដេអូដែលចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែងហុយចេញពីកន្លែងធ្លាក់យន្តហោះ ខណៈអ្នកជួយសង្គ្រោះ ទាហាននេប៉ាល់ និងហ្វូងមនុស្សបានប្រមូលផ្តុំគ្នាជុំវិញបំណែកយន្តហោះដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ តួយន្តហោះត្រូវបានបែកជាច្រើនផ្នែករាយប៉ាយនៅតាមជ្រលងភ្នំ។
នាយករដ្ឋមន្ត្រី បុស្បា កាម៉ាល់ ដាហាល (Pushpa Kamal Dahal) បានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានបន្ទាប់ពីការធ្លាក់នោះ ដើម្បីបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតគ្រោះថ្នាក់នេះ។
លោកមានប្រសាសន៍ថា «ឧបទ្ទវហេតុនេះ គឺជាសោកនាដកម្ម។ កម្លាំងទាហាននេប៉ាល់ត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះ»។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននៅតែព្យាយាមបញ្ជាក់ពីជោគវាសនារបស់អ្នកដំណើរកូរ៉េខាងត្បូងពីរនាក់ ហើយបានបញ្ជូនបុគ្គលិកទៅកន្លែងកើតហេតុ។
ប្រភេទយន្តហោះ ATR 72 ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅជុំវិញពិភពលោកប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងត្រូវបានផលិតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយបារាំង សហការជាមួយអ៊ីតាលី នូវម៉ូដែលយន្តហោះនេះដែលល្បីបង្កគ្រោះថ្នាក់ស្លាប់មនុស្សជាច្រើន។ នៅឆ្នាំ២០១៨ យន្តហោះ ATR 72 គ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់បានធ្លាក់នៅតំបន់ភ្នំ ដែលមានអ័ព្ទដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ៦៥នាក់។
យោងតាមទិន្នន័យតាមដានយន្តហោះ យន្តហោះនេះមានអាយុ១៥ឆ្នាំ មិនអាចទុកចិត្តបាន។
ទីក្រុង ប៉ុខារ៉ា ដែលស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រភាគខាងលិចទីក្រុង កដ្ឋមណ្ឌូ គឺជាផ្លូវដើរដ៏ពេញនិយមនៅភ្នំហិមពាន។
អាកាសយានដ្ឋានអន្តរជាតិ ប៉ុខារ៉ា ទើបដាក់ឲ្យដំណើរ កាកាលពីរសប្តាហ៍មុន បន្ទាប់ពីសាងសង់ដោយជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីប្រទេសចិន។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនេប៉ាល់ លោកបាននិយាយថា លោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងពីគ្រោះថ្នាក់នេះ។
លោកបាននិយាយថា «ក្នុងគ្រាដ៏លំបាកនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងការអាណិតអាសូរយ៉ាងស្មោះចំពោះក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត»។
ការធ្លាក់កាលពីថ្ងៃអាទិត្យ គឺជាការសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេប៉ាល់ចាប់តាំងពីឆ្នាំ១៩៩២ នៅពេលមនុស្សទាំងអស់១៦៧នាក់នៅលើយន្តហោះប៉ាគីស្ថានអន្តរជាតិ បានស្លាប់ដោយសារហោះទៅបុកភ្នំ ពេលចុះចតនៅទីក្រុង កដ្ឋមណ្ឌូ។
ប្រទេសនេប៉ាល់ ដែលជាកន្លែងមានភ្នំចំនួនប្រាំបីក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤របស់ពិភពលោក រួមទាំងភ្នំអេវឺរ៉េស មានប្រវត្តិធ្លាក់យន្តហោះច្រើនដងណាស់។
យោងតាមមូលដ្ឋានទិន្នន័យសុវត្ថិភាពអាកាសចរណ៍របស់មូលនិធិសុវត្ថិភាពហោះហើរ បានឲ្យដឹងថា ការធ្លាក់យន្តហោះសរុប៤២លើក នៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ១៩៤៦។
កាលពីឆ្នាំមុន មនុស្ស២២នាក់បានស្លាប់ពេលធ្លាក់យន្តហោះនៅលើភ្នំ ក្នុងប្រទេសនេប៉ាល់។ ក្នុងឆ្នាំ២០១៦ យន្តហោះ បានធ្លាក់បន្ទាប់ពីហោះឡើង ដោយបានសម្លាប់មនុស្សទាំង២៣នាក់ នៅលើយន្តហោះ។
ក្នុងឆ្នាំ២០១២ យន្តហោះបានធ្លាក់ដោយសម្លាប់មនុស្ស១៥នាក់។ មនុស្សប្រាំមួយនាក់ បានរួចជីវិត។ ក្នុងឆ្នាំ២០១៤ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ បានធ្លាក់ដោយសម្លាប់មនុស្សទាំងអស់១៨នាក់នៅលើយន្តហោះ។
ក្នុងឆ្នាំ១៩៩២ មនុស្សទាំងអស់១៦៧នាក់ នៅលើយន្តហោះប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ ដោយសារធ្លាក់លើភ្នំមួយ ពេលចុះចតនៅក្នុងទីក្រុង កដ្ឋមណ្ឌូ៕