ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ខែកមរានេះថា សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំអោយមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពារម្សិលមិញនេះ។
សម្តេចតេជោក៏បានហាមជនបរទេសកុំអោយលូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា ព្រោះប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ៕