ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៨ខែ មករា ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែល ជាអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធបទល្មើស កាប់គាស់រុករានដីព្រៃ និង ឈូសឆាយដីព្រៃ ចំនួនប្រមាណ ៥ហិកតា ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ប្រព្រឹត្ត នៅចំណុចអន្លង់បរវៀត ( ថ្មក្រាល ) នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៩ ។
សវនាការនេះ ដឹកនាំដោយលោក ចៅក្រមជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង លោកព្រះរាជអាជ្ញា ប៉ែន សារ៉ាត់ គឺជា តំណាងមហាអយ្យការ អមតុលាការកំពូល។
យោងតាមឯកសាររបស់តុលាការ បានដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ បឿ ប៊ុនថន ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរមុនជាប់ចោទ គឺ ជាអតីតអនុប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ឆ្នាំង។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ បឿ ប៊ុនថន ត្រូវបានសាលាដំបូងខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធ នាគារ កំណត់ ៥ ឆ្នាំ តែទោសនេះត្រូវព្យួរទាំង ស្រុង ក្រោមការចោទប្រកាន់ពីបទ: កាប់គាស់រុករានដីព្រៃ និង ឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិ មាត្រា ៥៦ មាត្រា ៦២ និង មាត្រា ៦៥ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ នៅភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក៏ ប៉ុន្តែ ក្រោយមក គាត់ ត្រូវបាន តុលាការ ដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន រហូតដល់សព្វថ្ងៃនេះ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ ៕
ដោយ: ទេព ច័ន្ទ