(ភ្នំពេញ)៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាងរបស់ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក SHEN Danyang អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) បានចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
លោករដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តហៃណាន និងភ្ញៀវអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នារសៀលនេះ និងបានធ្វើការលើកឡើងអំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីតភ្ជាប់រវាងប្រទេសជាច្រើនក្នុងតំបន់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម (ការដឹកជញ្ជូនទំនិញ)។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងបន្តការសហការជួយគ្នាដើម្បីជំរុញសម្រេចទិសដៅតែមួយ ក្នុងការតភ្ជាប់ទំនាក់ទំនង ក៏ដូចជាបើកទីផ្សារចូលទៅកាន់តំបន់អាស៊ាន និងពិភពលោកផងដែរ។
លោកបានបន្តថា សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណានកំពុងតែសាងសង់នូវកំពង់ផែពាណិជ្ជកម្មសេរី នឹងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត លើការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម ការស្រូបយកការវិនិយោគពីបរទេស និងជំរុញវិស័យឧស្សាហកម្ម។
លោករដ្ឋលេខាធីការបាន សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវេទិកានេះប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ ដែលនាពេលខាងមុខដ៏ខ្លីនេះ នឹងមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបើកច្រកទីផ្សារ និងទំនាក់ទំនងកាន់តែទូលំទូលាយ។
ជាកិច្ចបន្ទាប់ ឯកឧត្តមអភិបាលរងខេត្តហៃណាន បានគោរពថ្លែងអំណរគុណចំពោះ លោករដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីភ្ញៀវកិត្តិយសចូលរួមវេទិកានេះ។
លោក បានជម្រាបជូនពីសក្តានុពលនៃខេត្តហៃណាន មាននូវប្រវត្តិដ៏ស្រស់ត្រកាលជាមួយភាពយុត្តិធម៌ និងសមភាព ព្រមទាំងមានទីតាំងភូមិសាស្រ្ត និងមានភាពអំណោយផលផ្នែកទេសចរណ៍ កសិកម្ម និងបច្ចេកទេសឧស្សាហកម្ម។ បើក្រលេកមើលពីកាលានុវត្តភាពនៅខេត្តហៃណាននាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការកែសម្រួលគោលនយោបាយអនុគ្រោះពន្ធ ការវិនិយោគ ជាពិសេសការកសាងនូវកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។
អ្វីដែលពិសេស ការពង្រីកទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រាប់ការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្នខេត្តហៃណានកំពុងនាំចូលផ្លែចេកស្រស់ និងម្រេចពីកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានធ្វើការជម្រាបជូនពីការត្រៀមរៀបចំកម្មវិធីតាំងពិព័រណ៍អន្តរជាតិ លើកទី៣ នៅខេត្តហៃណាន នាខែមេសាខាងមុខនេះ ដោយសង្ឃឹមថានឹងមានការចូលរួមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម និងសមាគម/សហគ្រាស/ក្រុមហ៊ុនកម្ពុជាអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។
នាឱកាសនៃវេទិកានេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ រួមមាន៖ (១)រវាងសភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មខេត្តហៃណាន និងក្រុមហ៊ុនឯកជនកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការលើការដាំដុះម្រេច និង(២)រវាងក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនខេត្តហៃណាន ស្តីពី កិច្ចជំរុញសហប្រតិបត្តិការឧស្សាហកម្ម៕