(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់សាលាអន្តរជាតិសិង្ហបុរី-កម្ពុជា (SCIA) ដែលមានប្រព័ន្ធអប់រំពីសិង្ហបុរី ពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវគ្គខ្លីៗដល់យុវជនកម្ពុជា ឱ្យមានសមត្ថភាពចូលប្រឡូកក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្លាំងនាពេលបច្ចុប្បន្ន។
ការស្នើឡើងបែបនេះ របស់ លោកបណ្ឌិត អ៉ិត សំហេង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកប្រតិបត្តិនៃសាលាអន្តរជាតិ SCIA នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ជាកិច្ចចាប់ផ្តើម លោក Tan Wee Pin បានជម្រាបជូនលោករដ្ឋមន្ត្រីពីកម្មវិធីរបស់ សាលាអន្តរជាតិ SCIA ដោយបង្កើតក្នុងឆ្នាំ២០១៧ ជាបុត្រសម្ព័ន្ធរបស់វិទ្យាស្ថានគ្រប់គ្រងរបស់សិង្ហបុរី (Singapore Institute of Management) បង្រៀនចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលជាប្រព័ន្ធអប់រំរបស់សិង្ហបុរី។
ទន្ទឹមនេះ ខាងសាលា ក៏មានការកម្មវិធីអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ថែមទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ និងអរគុណដល់ខាងសាលាអន្តរជាតិ SCIA ដែលបានធ្វើការវិនិយោគលើវិស័យអប់រំនេះនៅកម្ពុជា ដែលរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់បំផុតមួយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគរបស់សាលា លើការអប់រំរបស់កុមារតូច បានផ្តល់ប្រយោជន៍ និងសារសំខាន់ដល់ការលូតលាស់កាយសម្បទា និងប្រាជ្ញាស្មារតីរបស់កុមារ។ មួយវិញទៀត លោករដ្ឋមន្រ្តី បានបន្ថែមថា កម្មវិធីអប់រំដែលយកពីសិង្ហបុរី ក៏ត្រូវស្របទៅនឹងប្រព័ន្ធអប់រំរបស់កម្ពុជាដែរ។
ទន្ទឹមនេះដែរ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យខាងសាលាអន្តរជាតិមួយនេះ ចូលរួមធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ផងដែរ ពីព្រោះថា ដោយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា មានផែនការបណ្តុះបណ្តាលយុវជនចំនួន១លាន ៥សែននាក់ ដើម្បីចូលទៅក្នុងទីផ្សារការងារ។
ដោយហេតុថា សព្វថ្ងៃនេះ បញ្ហាកម្លាំងពលកម្មរបស់កម្ពុជានៅមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍយ៉ាងលឿនរបស់សេដ្ឋកិច្ចកម្ពុជា ដូច្នេះ ដើម្បីធ្វើការអនុវត្តន៍នូវគម្រោងនេះទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងវិស័យរដ្ឋ និងឯកជនឱ្យបានផុសផុល។
លោកនាយកប្រតិបត្តិ អរគុណចំពោះ លោករដ្ឋមន្ត្រី ដែលបានផ្តល់ការសហការជាមួយខាងសាលារបស់លោក ហើយរូបលោកក៏ចង់ឱ្យមានកិច្ចព្រមព្រៀងលើអនុស្សរណៈមួយបន្ថែមទៀត ជាមួយខាងក្រសួង ដើម្បីបន្តកិច្ចសហការ នៅលើផ្លូវតែមួយ នៃវិស័យអប់រំ ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យទទួលបានផ្លែផ្កាជាវិជ្ជមាន។
លោកបណ្ឌិត អ៉ិត សំហេង បានឱ្យខាងសាលាអន្តរជាតិ SCIA ធ្វើការបន្តជាមួយអគ្គនាយកដ្ឋានTVET ដើម្បីរៀបចំឱ្យមានកិច្ចព្រមព្រៀងភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឱ្យដំណើរដោយជោគជ័យ៕