ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដឹកនាំដោយ លោក ជូ ឈីង ( ZU QING )ជួបពិភាក្សាការងារ

(ភ្នំពេញ)÷ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដឹកនាំដោយ លោក ជូ ឈីង ( ZU QING ) អនុប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ហៅកាត់ CAEDA និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រនៃសាធារ ណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបគ្នាឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក្នុងនាមឲ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសនេះ ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានឯកភាពនិងគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន CAEDA ដែលមានគោលបំណ ងមកវិនិយោគ នៅកម្ពុជា តាមស្មារតីនៃកិច្ចពិភាក្សាជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចពិជ័យសេនា ដើម្បីរៀបចំនៅគម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទំនើប ដើម្បីគាំពារ សុខភាព និងការកសាងមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ មួយនៅកម្ពុជា រួមទាំងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញឯកទេសជាន់ខ្ពស់ ការអភិវឌ្ឍន៍កសិដ្ឋានកងទ័ព តាមបែបលក្ខណៈវិទ្យា សាស្រ្តទំនើបនាសម័យបច្ចុប្បន្ន ។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិ បានឯកភាពតាមគំនិតផ្ដួចផ្ដើមរបស់ភាគីចិន ដោយឯកឧត្តមបានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនកម្ពុជា ត្រូវការជាចាំបាច់ណាស់ ដល់កិច្ចគាំពារសុខមាលភាពជូនប្រជាជន ។

ជាពិសេសការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដោយផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាល ការគាំពារសុខមាលភាពប្រជាជន ដែលសមាគមគ្រោងនឹងវិនិយោគនៅកម្ពុជា គឺជាការប្រសើរបំផុត ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យនេះ គឺជាវិស័យអត្ថិភាពជាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ដូចដែលឯកឧត្តម អស់លោក បានជ្រាបហើយថា តាមរយៈនៃដំណើរទស្សនកិច្ច របស់អស់លោកនៅមន្ទីរពេទ្យយោធាព្រះកេតុមាលា ដែលក្រោមការគ្រប់គ្រង និងឧបត្ថម្ភគាំទ្រដោយក្រសួងការពារប្រទេសចិន និងបណ្ដាប្រទេសជាដៃគូរមួយចំនួនទៀត ។

តាមរយៈនៃកិច្ចពិភាក្សានេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង មានជំនឿយ៉ាងមុតមាំថា សមាគមនិងធ្វើការវាយតម្លៃអំពីទីតាំង សកម្មភាពការងារ ដែលក្រុមការងារ គ្រូពេទ្យ យោធាកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ ។

ម្យ៉ាងទៀតក៏បានជម្រាបជូនប្រតិភូឲ្យបានជ្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ដូច្នេះនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានស្នើដល់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ឲ្យជួយលើវិស័យកីឡាកងយោធពលខេមរៈភូមិន្ទ ព្រោះថាបច្ចុប្បន្ននេះមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ នៅជួបភាពខ្វះខាតដូចជាសម្ភារៈ ឧបករណ៍ មធ្យោបាយ សម្រាប់បម្រើឲ្យវិស័យកីឡាកងទ័ព ធ្វើការហ្វឹកហាត់ នៅពេលជួបបញ្ហាហានិភ័យផ្សេងៗ ត្រូវការឧបករណ៍សម្ភារ: ដែលបម្រើឲ្យសកម្មភាពនៃការសង្គ្រោះបឋម ឬមធ្យម ដល់ក្រុមកីឡាករពេលជួបនូវហានិភ័យដោយចៃដន្យ ក្នុងពេលប្រកួត ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៍បានសុំឱ្យសមាគម ជួយដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ក្នុងការរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាលើខ្លឹមសារទាំងឡាយគ្រប់ជ្រុងជ្រោយសមស្របតាមកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិប្រទេសទាំងពីរ ។

នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ មានជំនឿយ៉ាងមុតមាន់ថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាលើកនេះ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិននិងទទួលបានបទពិសោធន៍លើទិដ្ឋភាពរដ្ឋបាលបច្ចេកទេស ដើម្បីឈានទៅរកការឯកភាពគ្នា រវាងសមាគម និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ។

ជាការឆ្លើយតបឯកឧត្តម ជូ ឈីង ជំនួសមុខឱ្យគណៈប្រតិភូបានសំដែងនូវការអរគុណចំពោះភាគីកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្ដល់នូវពេលវេលាមួយដ៏សមគួរដល់គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន របស់លោក បានមកកាន់កម្ពុជាលើកនេះ ដែលបានផ្ដល់ឱកាសដល់សមាគមបានធ្វើការពិភាក្សា សិក្សាស្វែងយល់ និងដកពិសោធន៍លើគម្រោងទាំងបួននៅកម្ពុជានាលើកនេះ ។

លោកប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិនប្រចាំនៅកម្ពុជា ក៍បានបញ្ជាក់យ៉ាងច្បាស់ថាលោកធ្លាប់បានចូលរួមក្នុងកិច្ចពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នាពេលកន្លងមក ដែលរាល់ការជួបពិភាក្សាគ្នានោះ ភាគីយើងទាំងពីរ ជួបជជែកគ្នាប្រៀបដូចបងប្អូន ។

លោក ជូ បានបញ្ជាក់ទៀតថា គណៈកម្មការរបស់លោក គឺជាគណៈកម្មការចំណុះផ្ទាល់ឲ្យក្រសួងការបរទេសចិន ។ហើយតាមរយៈនៃដំណើរទស្សនកិច្ចរបស់ប្រតិភូមកកាន់ប្រទេសកម្ពុជាលើកនេះ

គឺដើម្បីអនុវត្តនៅគម្រោងចំនួន ៤ ដែលជាកត្តាចាំបាច់នាពេលបច្ចុប្បន្នសម្រាប់ប្រទេសកម្ពុជា។ ដោយសារតែកម្ពុជា និងចិន គឺជាមិត្តដែលថែប ទើបធ្វើឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជាលើកនេះប្រតិភូបានលើកយកគម្រោងទាំងបួ ន ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជាក្នុងការអនុវត្ត ដើម្បីផលប្រយោជន៍រួមការនៃការលើកស្ទួយវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍វិស័យយោធា ការលើកកម្ពស់កិច្ចគាំពារសុខមាលភាពប្រជាជន ។

គម្រោងទាំងបួននោះរួមមាន ១.ផ្ដោតសំខាន់ទៅលើការគាំពារសុខមាលភាព ដោយប្រើបច្ចេកវិទ្យា ទំនើបចុងក្រោយបំផុត ក្នុងការជួយព្យាបាលដល់អ្នកជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជាដើម ។ ២. គឺផ្ដោតសំខាន់ទៅលើការជួយអភិវឌ្ឍន៍សាកលវិទ្យាល័យការពារជាតិកម្ពុជា ឱ្យមានលទ្ធភាពអាចធ្វើការបណ្ដុះបណ្ដាលវិស័យធនធានមនុស្សសម្រាប់វិស័យការពារជាតិរបស់កម្ពុជា ឲ្យមានកម្រិតសមត្ថភាព គុណភាព ខ្ពស់ ។

ដោយជំហា៊នដំបូងសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន និងជ្រើសរើសយកជាសិក្ខាកាមកម្ពុជាចំនួន ១០០ នាក់ ទៅបណ្ដុះបណ្ដាលវិជ្ជាជីវៈជាន់ខ្ពស់នៅប្រទេសចិន ។

គម្រោងទីបី ភាគីចិន ផ្ដោតសំខាន់ទៅលើការជួយលើកកម្ពស់សេដ្ឋកិច្ចដល់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជាឱ្យមានកម្រិតជីវភាពរស់នៅសមរម្យ តាមរយៈនៃការផ្ដល់ការបណ្ដុះបណ្ដាលនៅមុខជំនាញ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ។

សម្រាប់គម្រោងទី ៤ សមាគម និងបង្កើតស្ថាប័នស ង្គ្រោះបន្ទាន់មួយ ដើម្បីជាជំនួយដល់ភាគីកងទ័ពកម្ពុជា ដើម្បីមានគ្រប់លទ្ធភាពក្នុងការជួយសង្គ្រោះផ្នែកអគ្គីភ័យ នៅលើផ្ទៃទឹក និងនៅលើដីគោក ។ហើយនឹងអាចមានលទ្ធភាពសង្គ្រោះបន្ទាន់ដល់កងកម្លាំង និងក្រុមការងាររបស់ភាគីកម្ពុជាផងដែរ ។
ឯកឧត្តម ជូ ឈីង ក៏បានស្នើឱ្យភាគីកម្ពុជាបង្កើតនៅស្ថាប័នចម្រុះនេះឲ្យបានលឿន ដើម្បីជំរុញការងារ ក្នុងគម្រោងទាំងបួននេះ ឱ្យដំណើរការទៅប្រកបដោយរលូននិងជោគជ័យ ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង គាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយក៏បានបញ្ជាក់ជូនប្រតិភូថា នឹងនាំយកគម្រោងស្នើសុំទាំងនោះរាយការណ៍ជូនសម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពិនិត្យលទ្ធភាព សម្រេច ។