ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅ ឲ្យបានជ្រាបថា អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន សហការជាមួយក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នឹងរៀបចំ “ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន។
ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ត្បាញផ្លូវទៅរកនិរន្តភាព” ក្នុងគោលបំណងដើម្បីបង្ហាញពីផលិតផលវាយនភណ្ឌ របស់ប្រទេសប៉ាគីស្ថានដែលប្រកបដោយនិរន្តភាព និងការបង្កើនការយល់ដឹងអំពីបរិស្ថានដល់អ្នកប្រើប្រាស់។ គណៈ
កម្មការរៀបចំពិព័រណ៍ នឹងផ្តល់នូវសំបុត្រយន្តហោះទៅមក និងការស្នាក់នៅ៤ យប់ ដល់អ្នកទិញដែលបានទិញផលិតផលពីបរទេសក្នុងតម្លៃ៣-៥ លានដុល្លារអាមេរិក ឬជាប្រធាន/តំណាងនាយកប្រតិ្តបត្តិជាន់ខ្ពស់ នៃសមាគមពាណិជ្ជកម្ម ដែលមានបំណងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។
ក្រសួងពាណិជ្ជកម្ម តាមរយៈស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញឧកញ៉ា លោក-លោកស្រី ដែលជាវិនិយោគិន ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ពង្រើកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូ ជាមួយក្រុមហ៊ុនក្នុងប្រទេសប៉ាគីស្ថាន សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ចំពោះព័ត៌មានលម្អិតស្តីពីព្រឹត្តិកាណ៍នេះ សូមទាក់ទងមកមន្រ្តីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com។