ភ្នំពេញៈ គេថា «បើទោះជាមាសប៉ុនដូងទុំក៍ពុំអាចដូរយកជីវិតមនុស្សបានឡើយ» ! បុរសម្នាក់មានវ័យ៤២ឆ្នាំរស់នៅ ភូមិធំថ្មី ឃុំដងទង់ស្រុកដងទង់ ខែត្រកំពត ដែលជាឪពុកបង្កើតក្មេងរងគ្រោះដោយសាររថយន្តបុកពីក្រោយបណ្ដាលឱ្យកូនស្រីច្បងទី១ស្លាប់ និងកូនស្រីពៅទី២បាក់ដៃទាំងសងខាងពិការភាព ធ្វើឱ្យគាត់មានវិប្បដិសារីយ៉ាងខ្លាំង ហើយកើតទុក្ខមិនសុខចិត្តខណៈ សាលាដំបូង ខែត្រកំពតចេញសាលក្រមជម្រះក្ដីបង្គាប់ឱ្យភាគីម្ចាស់ឡានសងសំណងជំងឺចិត្តចំនួន១២លានរៀល (៣០០០ដុល្លារ) ។
លោក សន សំអាត មានវ័យ៤២ឆ្នាំរស់នៅភូមិឃុំខាងលើ បាននាំភរិយាឡើងមក រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឱ្យជួយជំរុញទៅប្រធានសាលឧទ្ធរណ៍ ខែត្រព្រះសីហនុ ជួយរកយុត្តិធម៌ ឱ្យកូនស្រីរបស់ពួកគាត់។
លិខិតសុំកិច្ចអន្តរាគមន៍ ចុះថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣ របស់លោក សំអាត គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បញ្ជាក់ថា «
សំណើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ទៅ ប្រធានសាលាឧទ្ធរណ៍ ខែត្រព្រះសីហនុ រកយុត្តិធម៌ឱ្យកូនខ្ញុំបាទទី១.ឈ្មោះ នាក់
រដ្ឋាកា (ស្លាប់) និងទី២.ឈ្មោះ នាក់ កណ្ណិកា (របួសធ្ងន់) លើចំណាត់ការករណីគ្រោះថ្នាក់ចរាចរដោយស្នើសុំផ្តន្ទាទោសទៅលើឈ្មោះ ចាន់ វាសនា ហៅ ម៉ៅ តាមនីតិវិធីច្បាប់ និងសំណូមពរសុំឱ្យសងសំណងជាទឹកប្រាក់សមរម្យ ដែលជនបង្កហេតុបានធ្វើឱ្យកូនខ្ញុំស្លាប់ចំនួន១នាក់ និងរបួសធ្ងន់ចំនួន១នាក់»។
ឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់ទៀតថា « កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅលើផ្លូវ
លំក្រាលក្រួសក្រហមស្ថិតនៅ ភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ រវាងម៉ូតូនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នារួចក៍ត្រូវរថយន្តមួយគ្រឿងដឹកទឹកកក (ធុនធំ) បុកពីក្រោយបណ្ដាលឱ្យកូនស្រីខ្ញុំបាទឈ្មោះ នាក់ រដ្ឋាកា ស្លាប់ និងកូនស្រីម្នាក់ទៀតឈ្មោះ នាក់ កណ្ណិកា របួសធ្ងន់។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូង ខែត្រកំពត ប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៥៦៩ (ង) ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលការសម្រេចនេះមានភាពអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំបាទណាស់។ ដោយសារសំណងការខូចខាតមានទំហំតិចតួចមិនអាចធៀបទៅនឹងការបាត់បង់ជីវិតកូនរបស់ខ្ញុំឡើយ។ ព្រោះខ្ញុំបាទបានបាត់បង់កូនស្រីជាទីស្រឡាញ់ម្នាក់ ហើយកូនស្រី
ម្នាក់ទៀតពិការដៃទាំងសងខាង។ ខ្ញុំបាទសូមឱ្យ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ ទៅប្រធានសាលាឧទ្ធរណ៍ ខែត្រព្រះសីហនុដើម្បីជួយរកយុត្តិធម៌ដល់ខ្ញុំបាទ»។
លោកបន្តទៀតថា លោកបានប្ដឹងទាមទារសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ តែភាគីរថយន្តបង្គេជូនតែ ៣០០០ដុល្លារប៉ុណ្ណោះ។ ឥឡូវនេះលោក និងភរិយាចង់បានសំណងសមរម្យចំនួន១ម៉ឺនដុល្លារ។ ពីព្រោះគ្រួសារលោកបានចំណាយថវិកាធ្វើបុណ្យសពកូន និងព្យាបាលរបួសកូនពិការដៃទាំងសងខាង ព្រមទាំងការចំណាយផ្សេងៗអស់ថវិកាជាង១ ៦០០០ដុល្លារ។ លោកបានប្ដឹងឧទ្ធរណ៍ទៅ ខែព្រះសីហនុ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
និយាយអួលដើមកម្ដងៗលោកបន្តថា «តុលាការ ខែត្រកំពត បានផ្ដន្ទាទោសជនជាប់ចោទអ្នកបើកបររថយន្តឈ្មោះ ចាន់ វាសនា ហៅ ម៉ៅ ដាក់ពន្ធនាគារ២ឆ្នាំ។ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារតែ១ឆ្នាំ រីឯទោសនៅសល់ពីនេះព្យួរធម្មតា។ តុលាការបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានស្លាកលេខសម្គាល់រថយន្ត និងបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញាត្តិស្ដីពីចរាចរផ្លូវគោកតម្រូវបណ្ដាលឱ្យមានរបួស និងស្លាប់អ្នកដទៃប្រព្រឹត្តនៅភូមិឃុំ
ខាងលើកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ តុលាការបង្គាប់ឱ្យម្ចាស់រថយន្តឈ្មោះ ម៉ន ចន្ថា ទទួលខុសត្រូវសងសំណងការខូចខាតចំនួន ១២លានរៀលមកដល់គ្រួសារខ្ញុំបាទ »។
លោកមេធាវីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងទាំងហួសចិត្តនឹងសំណងចំនួន១២លានរៀលនោះថា ភាគីរថយន្តបង្កដែល គ្មានបណ្ណបើកបរ និងគ្មានបណ្ណសម្គាល់រថយន្ត ត្រូវទទួលខុសត្រូវសំណងជនរងគ្រោះអ្នកស្លាប់មួយករណី និងទទួលខុសត្រូវសំណងអ្នកពិការមួយករណីទៀត នេះមិនទាន់គិតពី «ពិការភាពអចិន្ត្រៃយ៍» ផង។ ការសងសំណងចំនួន៣០០០ដុល្លារវាពុំដែលមាន…។ លោកបានជំរុញឱ្យឪពុកម្ដាយក្មេងស្រីរងគ្រោះទៅពឹងពាក់ មេធាវី សម្ដេចតេជោ ហ៊ុន សែន ប្រចាំ ខែត្រកំពត ជាបន្ទាន់។
ម្ចាស់រថយន្តដឹកទឹកកកលោក ម៉ន ចន្ថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា លោកពុំមានលទ្ធភាពសងសំណងដល់១ម៉ឺនដុល្លារនោះទេ។ ពីព្រោះសព្វថ្ងៃលោកបានខ្ចីលុយធនាគារមករកស៊ីបើកដេប៉ូលក់គ្រឿងបន្លាស់រថយន្ត ត្រាក់ទ័រ និងប្រេងម៉ាស៊ីនរថយន្តគ្រប់ប្រភេទ ហើយលោកក៍ពុំបានដឹងភាគីដើមចោទ «ប្ដឹងឧទ្ធរណ៍» នោះដែរ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ អង្គភាពយើងពុំអាចសុំការបញ្ជាក់បានទេជុំវិញករណី សុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដោយសារទូរស័ព្ទរបស់លោកជាប់រវល់…៕