ភ្នំពេញ: មេឈ្មួញប្រកបរបររកស៊ីដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាដើម ចោទលោក កែវ អង្គារ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ដែលទទួលបន្ទុក ៥ខេត្ត រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ស្ពឺ ថា បានគាបសង្កត់សកម្មភាពដឹកទំនិញរបស់ពួកគាត់ គំរាមជំរិតទារប្រាក់តាមតែចិត្តចង់បាន។
ឈ្មួញមួយចំនួនបានអះអាងថា ជាបន្តបន្ទាប់មកនេះ រាល់ការដឹកទំនិញរបស់ពួកគាត់ ទោះបីការដឹកជញ្ជូនទំនិញទាំងនោះបានបង់ពន្ធនាំចូលត្រឹមត្រូវបែបណាក្តី ក៏ចៀសមិនផុតពីក្រុមមន្ត្រីគយចល័តតំបន់៣ ដឹកនាំដោយលោក កែវ អង្គារ ចុះឃាត់រថយន្តដឹកទំនិញទាំងអស់នោះមកគំរាមឲ្យបង់លុយពុករលួយ ឬលុយក្រោមតុជូនក្រុមមន្ត្រីគយតំបន់៣ ខាងលើនេះតាមការទាមទាររបស់ពួកគេដែរ។
ប៉ុន្តែបើពួកគាត់ជាអ្នកដឹកទំនិញមិនព្រមបង់លុយជូនពួកគេឲ្យបានគ្រប់ចំនួនទេ នឹងមានបញ្ហាជាក់ជាមិនខាន ឬមិនអាចដឹកទំនិញឆ្លងកាត់តាមភូមិសាស្ត្រខេត្តកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ស្ពឺ បានទេ។
ក្រុមឈ្មួញមួយចំនួនសំណូមពរដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសកម្មភាពរបស់លោក កែវ អង្គារ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឲ្យបានឆាប់ដោយអនុគ្រោះផង ត្បិតសកម្មភាពរបស់មន្ត្រីគយចល័តតំបន់៣ ដឹកនាំដោយលោក កែវ អង្គារ បានបង្កផលវិបាកដល់ការដឹកជញ្ជូនទំនិញរបស់ពួកគាត់ ព្រោះមន្ត្រីគយចល័តតំបន់៣ នេះ បានយកជំនាញ ឬប្រើបច្ចេកទេសរបស់ខ្លួនមកគំរាមឲ្យពួកគាត់បង់លុយពុករលួយជូនពួកមន្ត្រីទាំងនោះបានដាច់ខាត។
បន្ថែមលើនេះ ក្រុមឈ្មួញដឹកទំនិញមួយចំនួន ក៏បានសំណូមពរទៅលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយពិនិត្យសកម្មភាពអនុវត្តការងាររបស់លោក កែវ អង្គារ ដែលយកតួនាទីមកគំរាមជំរិតទារលុយពីពួកគាត់ទាំងបំពានជាបន្តបន្ទាប់មកនេះឲ្យបានឆាប់ផង។