ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន Mercedes-Benz នៅក្រៅប្រទេសដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះតទៅ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់រថយន្តប្រភេទប្រណីតមានសុវត្ថិភាពគ្រប់គ្រាន់ នៅរាល់ពេលធ្វើដំណើរ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសិទ្ធិក្នុងការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្ត កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់ក្រុមហ៊ុន ស្ថិតនៅតាមបណ្តោយមហាវិថី៦០ ម៉ែត្រ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រុមហ៊ុនបានផ្តល់ដំណឹងដល់មហាជនអំពីអត្ថប្រយោជន៍ចម្បងនៃសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្ត និងប្រុងប្រយ័ត្នចំពោះហានិភ័យផងដែរ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន Mercedes-Benz នាឱកាសនេះ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមផ្លាស់ប្តូរផ្នាត់គំនិតថ្មីបែបវិជ្ជមាន គឺគិតពីសុវត្ថិភាពជាសំខាន់ សុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តទំនើបៗតាមរយៈការទទួលបានសេវាថែទាំ និងជួសជុលត្រឹមត្រូវពីអ្នកមានជំនាញពិតប្រាកដ។
លោកអគ្គនាយកបានបញ្ជាក់ពីចំណុចនេះថា «នៅក្នុងឆ្នាំ២០២៣នេះ ៥០ភាគរយនៃរថយន្តនាំចូល គឺជាប្រភេទរថយន្តថ្មី (មិនមែនជជុះ) ដោយសារជីវភាព ស្ថានភាពសេដ្ឋកិច្ច និងការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ។
ឥរិយាបទនៃការប្រើប្រាស់រថយន្តថ្មីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ មានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ… រថយន្តមានការធានា នឹងទទួលបានការថែទាំ និងជួសជុល ផ្នែកបច្ចេកទេសពីអ្នកឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកជំនាញត្រឹមត្រូវ»។
លោកអគ្គនាយក ងន សាំង បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក គឺជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មជូនអតិថិជន និងមានបច្ចេកទេសផ្នែកយានយន្តកម្រិតខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបោះជំហា នឈានមុខគេ ផ្នែកវិស័យយានយន្ត ក្នុងទីផ្សាររថយន្តថ្មីអស់រយៈពេលបួនឆ្នាំជាប់ៗគ្នានៅប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលផ្តល់សេវាកម្មមានស្តង់ដារខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ និងឧបករណ៍ទំនើបៗ អនុវត្តដោយអ្នកជំនាញពិតប្រាកដ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់សមត្ថភាពកម្រិតខ្ពស់។
ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ដល់អតិថិជន គឺជាកត្តានាំមកនូវជោគជ័យសម្រាប់ក្រុមហ៊ុន RMA Cambodia ចំណែកអតិថិជនវិញ ក៏ទទួលបានសុវត្ថិភាពគ្រប់គ្រាន់ក្នុងប្រើប្រាស់រថយន្ត ចៀសផុតពីបញ្ហាផ្សេងៗផងដែរ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ទៀតថា «ក្រុមហ៊ុន RMA Cambodia បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សាររថយន្តថ្មីរយៈពេលបួនឆ្នាំជាប់គ្នា បើគិតពីបរិមាណលក់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលជំរុញឲ្យក្រុមហ៊ុនទទួលបានជោគជ័យនេះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់សេវាកម្មល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយនឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនម្ចាស់រថយន្ត Mercedes-Benz ទាំងអស់នូវសេវាកម្មមានគុណភាពខ្ពស់ និងធានាបានថា រថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។
ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដាររបស់រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន»។
លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់កំពូលមួយ ដែលផ្តល់នូវផាសុខភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដល់អ្នកប្រើប្រាស់។
ដូច្នេះ រថយន្តប្រភេទនេះ គឹត្រូវបានណែនាំឲ្យទទួលសេវាកម្មថែទាំដោយក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថា រថយន្តបានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ។
ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារ និងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នកបច្ចេកទេសឲ្យទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជាបន្តបន្ទាប់ដើម្បីឲ្យពួកគាត់ទទួលបាននូវជំនាញ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាចុងក្រោយបំផុតពីរោងចក្រផលិត (OEM)។
លោកអគ្គនាយកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោកនឹងផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មល្អឥតខ្ចោះ គ្មានគូប្រៀប ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឲ្យស្ថិតក្នុងស្ថានភាពល្អបំផុត។
ព្រមទាំងយកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការបំពេញតម្រូវការ និងដោះស្រាយកង្វល់ជូនដល់ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ងន សាំង ក៏បានអញ្ជើញ និងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជា ឲ្យមកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ដូចជាសេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz របស់ក្រុមហ៊ុន RMA Cambodia។
ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បានធ្វើឲ្យក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន ដែលទទួលបានការទុកចិត្តពីសំណាក់ដៃគូ និងអតិថិជនទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវឧត្តមភាពនេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានជោគជ័យ។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលរយៈពេលជិតមួយម៉ោង លោក ងន សាំង បានលើកឧទាហរណ៍ជាក់ស្តែងអំពីហានិភ័យ កើតឡើងដោយសារការថែទាំ និងជួសជុលរថយន្តមិនបានត្រឹមត្រូវ ដូច្នេះបង្កឲ្យរថយន្តឆាប់ខូច ឬឆាបឆេះនៅពេលកំពុងតែធ្វើដំណើរ ដូចករណីរថយន្ត Range Rover មួយគ្រឿងត្រូវភ្លើងឆេះនៅសាល់តែដែក ក្នុងពេលបើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ត្រង់ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
លោកអគ្គនាយកបានលើកជាសំណូមពរថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមានប្រាក់ច្រើនហើយ ទិញរថយន្តល្អហើយ គួរគិតពីសុវត្ថិភាពជាចម្បង មិនខុសគ្នានឹងការបរិភោគចំណីអាហារឡើយ គឺម្ហូបឆ្ងាញ់ មានអនាម័យ និងមានសុវត្ថិភាពដល់អ្នកទទួលទាន។ ដូច្នេះក្រុមហ៊ុន RMA Cambodia សូមស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មថែទាំ និងជួសជុលរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។ ក្រុមអ្នកបច្ចេកទេសដ៏មានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia នឹងធានារថយន្តរបស់លោកអ្នកមានដំណើរការយ៉ាងរលូន ប្រកបដោយផាសុខភាព និងសុវត្ថិភាព។
អំពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.)៖ ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។
ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR, LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕