ភ្នំពេញ៖ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានចាប់បដិសន្ធិឡើងជាផ្លូវការហើយ កាលពីទី២៧ ខែមេសានេះ ដោយមានស្ថាបនិកសំខាន់ៗជិត១០ រូបបានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានា យុគសម័យឌីជីថល ។
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំអនុម័តសម្រេចបើកកដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ ស្ថាបនិកសំខាន់ៗ ដូចជា លោក ហុង ឆេងឈុន លោក ឯល រ៉ូហ្សែត លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា លោក តាំង សេងប៉ លោក កែវ ចំរុង លោក ហួន លីមីង និងសហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលធាតុផ្សំជាស្មារី និងគំនិតល្អៗជាមួយនិងទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។
លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍បានមានប្រសាសន៍ថា សមាគយើងបង្កើតនេះ មានគោលដៅគឺ ដើម្បីចូលរួមសហការនិងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រឹងការទំនាក់ទំនង បង្រួបបង្រួម សាមគ្គីភាព ស្វែងរកនូវភាពរីកចម្រើន ពង្រឹងវប្បធម៌សាមគ្គីភាព ឯកភាពគ្នា ក្នុងស្មារតីជួយគ្នាទៅវិញទៅមករវាងសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសប្រកបដោយសុខដុម។
លោកប្រធានថ្មីនៃសមាគមបានលើកឡើងថា សមាគមចូលរួមសហការនឹងប្រឹក្សាយោបល់ផ្នែកច្បាប់ ត្រូវការទីផ្សារកម្ពុជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ហើយចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ព្រមទាំងវិស័យដទៃៗទៀតដែលនឹងចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ។
បន្ថែមពីនេះលោកប្រធានបានបញ្ជាក់ថា« ទិសដៅរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍គឺ មានបេសកកម្ម បង្រូបបង្រួមសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ សហការពីក្រៅប្រទេសមកកម្ពុជា សហការជាមួយអ្នកពាក់ព័ន្ធនានាជំរុញការនាំចេញ ផលិតផលក្នុងស្រុកទៅក្រៅប្រទេស ពង្រីកបណ្តាញទំនាក់ទំនងពីកម្ពុជាទៅក្រៅប្រទេស ប្រឹក្សាយោបល់ផ្នែកច្បាប់ តម្រូវការទីផ្សារកម្ពុជា សហការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល»។
សរុបជារួមនៅមានបេសកកម្មសំខាន់២ ទៀតគឺ« ធ្វើសកម្មភាព ផ្នែកមនុស្សធម៌ ដែលជាកិច្ចការជីវភាពសង្គម ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងលើស្ទួយជំរុញ និងការផ្សារភ្ជាប់ការទំនាក់ទំនង វិស័យទេសចរណ៍ ប្រទេសកម្ពុជា និងក្រៅប្រទេស»។