(សៀមរាប)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជប់លៀងស្វាគមន៍ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាទោចក្រយាន, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ, មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ, ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងឱកាសនោះរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធី “ជប់លៀងស្វាគមន៍ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ នៃបណ្តាប្រទេសទាំងអស់ ដែលបានមកចូលរួមការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ និងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងក្រុមការងារនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត» ដែលបានខិតខំសហការគ្នាយ៉ាងជិតស្និត ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ស្រស់បវរ និងជាតំបន់អេកូទេសចរណ៍ វប្បធម៌ ដ៏ល្បីរន្ទឺរពាសពេញសកលលោក។
ជាមួយគ្នានេះ រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈប្រតិភូដឹកនាំ ក្រុមកីឡាទោចក្រយានតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ ដែលជាឱកាសដ៏ល្អ ក្នុងការបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ សម្រាប់ផលប្រយោជន៍រួម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹង រវាងគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី បានលើកឡើងថា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងផ្តល់ឱ្យកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស។ បើគ្មានសុខសន្តិភាពទេនោះ យើងក៏នឹងមិនមានឱកាសរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្របានឡើយ, ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា «កីឡារស់ក្នុងសន្តិភាព»។
លោករដ្ឋមន្រ្តី បន្តថា “សន្តិភាពពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន” ប្រជាជនលើសកលលោកទាំងមូលពិតជាត្រូវការសុខសន្តិភាព “មានសន្តិភាពគឺមានការអភិវឌ្ឍលើគ្រប់វិស័យ”។
រដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ ត្រឹមត្រូវ គោរពតាមបទដ្ឋានបច្ចេកទេស ឈរលើគោលការណ៍មិនលម្អៀង ដែលនឹងធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
សូមជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានាពេលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមទាំងអ្នកសារព័ត៌មានពីគ្រប់បណ្តាប្រទេសទាំងអស់នូវការចូលរួមដោយឥតគិតថ្លៃ ទាំងការចូលទស្សនាការប្រកួត ការផ្សព្វផ្សាយការប្រកួត ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន៕























