កំពង់ឆ្នាំង៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ។
នេះជាប្រភេទផ្លូវក្រាលកៅស៊ូប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូម៉ែត្រ ទទឹងប្រវែង ៧ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។
លោក សាន រ៉ង់ឌី តំណាងក្រុមហ៊ុន HENG SAMBAT.Co.Ltd,Import Export Transportation and Construction ប្រចាំការនៅការដ្ឋាន បានបញ្ជាក់ពីលទ្ធផលនៃការសាងសង់ថា ចំពោះការងារស្រោចកៅស៊ូសម្រេចបាន ៨០ភាគរយ និងគ្រោងបញ្ចប់នៅសប្តាហ៏ក្រោយនេះ ។ ដោយឡែកការងារដាំបង្គោលសុវត្ថិភាពតាមមាត់នៃសំណង់លូ សម្រេចបាន ៦០ភាគរយ ហើយនឹងចាប់ផ្ដើមបំពាក់ស្លាកសញ្ញាចរាចរណ៏ចំនួន ៧៨ស្លាក ព្រមទាំងធ្វើការអ៊ុតគំនូសអ័ក្សផ្លូវផងដែរ ៕





