ភ្នំពេញ៖ បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។
ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។
នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។
នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។
នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្តីក្រសួងការបរទេស១៩៧៩ដល់១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១ដល់១៩៨២មុនពេលប្តូរនាឡិកានេះ
ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២៕