ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។
សម្ដេច បានបញ្ជាក់ទៀរថា តួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ដ្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជន ជាន់ខ្ពស់កាន់កិច្ចការជាតិ ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាព្រះរាជក្រឹត្យនេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។
យោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕



