ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

លោក ឃួង ស្រេង ៖ សង្កាត់ទាំង១០៥នៅរាជធានី មិនត្រូវយកលុយពី ពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ ឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ទូទាំង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសើរទាន់ពេលវេលានិងមានប្រសិទ្ធភាព មិនត្រូវយកលុយពីប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ ប្រយ័ត្នមាន រឿងលោកមិនអាចជួយបានទេ លោកជួយបានតែចៅសង្កាត់ណាដែល ធ្វើត្រូវ និងគោរពតាមច្បាប់ ។

លោក អភិបាលរាជធានីភ្នំពេញមានប្រសាសន៏បែបនេះ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ  ។

លោកឃួង ស្រេង មានប្រសាសន៏ ថា ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ការចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្គងនឹងមានទោស ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីទាំង១៤ខណ្ឌផងដែរ ដែលបានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងពិធីនេះ លោកឃួង ស្រេង បានប្រគល់កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿងជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រ មួយគ្រឿងនិង ព្រីនធ័រ មួយគ្រឿងសម្រាប់យកទៅបំពេញការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា៕