ភ្នំពេញ: អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាបច្ចុប្បន្នបើយើងធ្វើដំណើរមកដល់ដងស្ទឹងកាត់ភ្លុក ដែលស្ថិតក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានធ្វើឲ្យយើងម្នាក់ៗ នឹកឃើញទៅដល់ប្រវត្ដិរឿងរ៉ាវនៃភាពសប្បាយរីករាយផង និងភាពភ័យរន្ធត់ខ្លោចផ្សាចងចាំពុំអាចបំភ្លេចបានផង ។
បើពោលអំពីរឿងរ៉ាវចងចាំដែលមានសភាពផ្ទុយគ្នាស្រទ្បះនោះគឺ៖
ទី១៖ យើងនឹកឃើញទៅដល់ភាពសប្បាយរីករាយគឺ ធ្វើឲ្យយើងនឹងដល់រឿងរា៉វទសវត្ស១៩៦០ ដល់បទចម្រៀងរាមច្បងរបស់យើងកាលពីសម័យសង្គមរាស្រ្ដនិយម លោក អ៊ិន យ៉េង បទដងស្ទឹងកាត់ភ្លុក ដែលបានរៀបរាប់ពីប្រវត្ដិរឿងរ៉ាវស្នេហា នៃដងស្ទឹងកាត់ភ្លុកយ៉ាងពិរោះរណ្ដុំនិងសម្រស់ធម្មជាតិទឹកដីដងស្ទឹងដ៏ស្រស់បវរ។
ទន្ទឹងនេះអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ថែមទៀតនោះ បទដងស្ទឹងកាត់ភ្លុកនាសម័យនោះ មានប្រើពាក្យថា ” អនង្គ “នៅល្បះទី២ មានឃ្លាថា ” អាសូរឃុំផុង អនង្គដួងចិត្ត” ជាពាក្យលួងលោមស្នេហាដ៏ផ្អែមល្ហែមយ៉ាងជ្រោលជ្រៅនេះឯង។
ព្រោះសម័យបុរាណមនុស្សស្រី ឬប្រុសតែងមានឈ្មោះ ” អនង្គ” ដែលមានចារក្នុងសិលាចារឹក នៅស.វ.ទី៩ នៅប្រាសាទលលៃខេត្តសៀមរាប។
សព្វថ្ងៃនេះ ឈ្មោះ ” អនង្គ”ក៏ពុំទាន់បាត់បង់ទៅណាដែរ គ្រាន់តែពុំសូវឃើញសរសេរត្រូវតាមអក្ខរាវិរុទ្ធសំស្ក្រឹតដូចកាលជំនាន់បុរាណប៉ុណ្ណោះ ព្រោះជាញឹកញយច្រើនតែសរសេរឃ្លោងឃ្លាខុសឆ្ងាយពីអក្ខរាវិរុទ្ធដើមគឺ ” អនង្គ ” ទៅជា “អានុង” ឬ “អាណុង” នេះប្រហែលមកពីគេពុំយល់ន័យសេចក្ដីនេះឯង ។
ទី២៖ យើងនឹកទៅដល់ភាពភ័យរន្ធត់ គឺបានធ្វើឲ្យយើងចងចាំនឹកទៅដល់របបវាលពិឃាដដងស្ទឹងកាត់ភ្លុក បានក្លាយជាភ្នំឆ្អឹង សមុទ្រឈាមនិងទឹកភ្នែក ក្រោមការធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃអស់ច្រើននាក់ របស់មេមន្ទីរសន្ដិសុខ ឈ្មោះដាំ ភាព ហៅម៤០១ ឬគុកទំនប់អាភាព ដោយបានបង្ខំឲ្យប្រជាជនលើកទំនប់ទាំងយប់ទាំងថ្ងៃ ដែលមានប្រហែល២៥០ម សព្វថ្ងៃហៅថាទំនប់អាភាព ។
លោក រ័ត្ន សណ្ដាប់ បន្ដថាបច្ចុប្បន្នយើងឃើញថា ដោយស្ថិតក្រោមគំនិតផ្ដួចផ្ដើមដ៏ប្រពៃថ្លៃថ្លារបស់ លោក ហ៊ុន ម៉ានី និងដឹកនាំដោយ លោក ហេង សុខគង់ បានរចនាសាងសង់វិមាននៃការចងចាំដើម្បីជាការឧទ្ទិសដល់ការបាត់បង់របស់ប្រជាជនខ្មែរ ក្នុងវាលពិឃាដនេះ ហើយបានធ្វើឲ្យដងស្ទឹងកាត់ភ្លុក មានសម្រស់ជាថ្មីទ្បើងវិញយ៉ាងស្រស់បំព្រង នឹងធ្វើឲ្យយើងនឹកទៅដល់បទចម្រៀងរាមច្បងរបស់ លោក លោកអ៊ិន យ៉េង ដងស្ទឹងកាត់ភ្លុក ទ្បើងវិញយ៉ាងសប្បាយរីករាយដ៏អស្ចារ្យផងដែរ។
ទន្ទឹងនឹងនេះបើនិយាយអំពីប្រវត្ដិ ដងស្ទឹងកាត់ភ្លុកនេះទៀតសោត មានសេចក្ដីដំណាលថា កាលពីដើមទ្បើយមានអ្នកហ្មដំរីម្នាក់ បានជាប់ផុងនៅស្ទឹងនេះ ទោះបីដំរីខំប្រឹងរើបំរះយ៉ាងណាក្ដីក៏ពុំរួច ។ ក្រោយមកហ្មដំរីនេះ ក៏បានបន់ស្រន់ទេពយាយទ្បី សុំឲ្យដំរីបានរួចផុតពីផុងស្ទឹងនេះ នឹងសូមកាត់ភ្លុកដំរីថ្វាយ បន្ទាប់មកដំរីក៏បានរួចផុតពីការផុងនៃស្ទឹងនេះដូចបំណង ។ ដូច្នេះហើយបានជាតំណាលក្រោយមកដងស្ទឹងនេះក៏ជាប់ឈ្មោះជាដងស្ទឹងកាត់ភ្លុងតរៀងមក៕