ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន

 

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងបែបនេះ ក្នុងពិធីបើកយុទ្ធនាការអប់រំ អំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទះមុះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានយ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា សម្រាប់កសាងភូមិឋាននិងបង្កបង្កើនផល ព្រមទាំងបានរកឃើញនិងកំទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់»។

 

លោកទេសរដ្ឋមន្ដ្រី បន្ដថា ការងារបោសសម្អាតមីន និងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយ អត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន គួបផ្សំជាមួយនឹងការយកទុកដាក់ របស់រាជរដ្ឋាភិបាលជម្រុញការងារ ផ្សព្វផ្សាយអប់រំការយល់ដឹងអំពីមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន ផងដែរ។

 

សូមរំលឹកថា រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ គ្រឿងផ្ទុះពីប្រតិបត្តិករជាតិ និងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩ នាក់ហើយ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះ ៕