ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ អំពាវនាកម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើម្ចាស់ផ្ទះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនិងធ្វើពិធីបើកព្រឹត្តិការណ៍កីឡានេះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់​ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «នៅយល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទេ»។​
សម្តេចតេជោ  បញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចនឹងជួបសំណេះសំណាលជាមួយ អត្តពលិកកីឡាជនពិការរបស់កម្ពុជា ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ ដល់ ទី៩ ខែមិថុនា ខាងមុខនេះ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតលើវិញ្ញាសាជាង៤០០ រួមមានកីឡាកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports)។ សម្រាប់កម្ពុជាមានកីឡាករ-កីឡាការិនីចំនួន២៣៦នាក់ចួលរួមប្រកួត។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កម្ពុជាដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ ១១គ្រឿង៕