ប្រទេសថៃ៖ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករចំនួន ១៥ក្រុមហ៊ុន ដែលមានសមាសភាពអ្នកចូលរួមចំនួន ៣៨នាក់បានចូលរួមតាំងពិព័រណ៍ និងចូលរួមទសន្សនកិច្ចពាណិជ្ជកម្ម នៅក្នុងកម្មវិធីពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ អន្តរជាតិ Thaifex-Anuga Asia ដែលប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល IMPAC MUANG THONG THANI,ទីក្រុងបាងកកប្រទេសថៃ។
សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៨ក្រុមហ៊ុន បានចូលរួមតាំងបង្ហាញផលិតផលអង្ករ ដែលក្នុងនោះ ៦ក្រុមហ៊ុនបានចូលរួមក្រោមកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម និង ២ក្រុមហ៊ុនទៀតចូលរួមចុះឈ្មោះដោយផ្ទាល់។ សមាជិកសហព័ន្ធចំនួន ៧ក្រុមហ៊ុនបានចូលរួមធ្វើទស្សនកិច្ចពាណិជ្ជកម្ម ដើម្បីជួបអតិថិជន និងពិភាក្សាពាណិជ្ជកម្ម ជាមួយអតិថិជនដែលមានសក្តានុពល។
ពិព័រណ៍អន្តរជាតិ Thaifex-Anuga Asia គឺជាពិព័រណ៍អន្តរជាតិដែលធំជាងគេផ្នែកម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសអាស៊ី ដែលឆ្នាំ២០២៣ នេះមានក្រុមហ៊ុនចូលរួមប្រមាណជាជាង ៣ ០០០ ក្រុមហ៊ុន មកពីប្រទេសចំនួន ៤៣ និងរំពឹងថាមានភ្ញៀវអាជីពសម្រាប់ទស្សនកិច្ចពាណិជ្ជកម្មចំនួន ជាង ៦០ ០០០ នាក់មកពី ១២០ប្រទេសនៅក្នុងពិភពលោក។