តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីអ៊ីរ៉ង់ថាជាអ្នកការផ្គត់ផ្គង់យន្តហោះដ្រូន ដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែន។
លោក Kanaani បានរំលឹកឡើងវិញនូវការប្រឆាំងរបស់អ៊ីរ៉ង់ ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការឈឺចាប់ និងការរងទុក្ខរបស់ប្រជាជនអ៊ុយក្រែន ដោយបន្ថែមថា អ៊ីរ៉ង់ នៅតែត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ការស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់វិបត្តិនៅដំណាក់កាលដំបូងបំផុត។
លោកបានសង្កត់ធ្ងន់ថា ការអះអាងម្តងហើយម្តងទៀតនូវការចោទប្រកាន់ “គ្មានមូលដ្ឋាន” របស់ប្រធានាធិបតីអ៊ុយក្រែន គឺនៅក្នុងការឃុបឃិតជាមួយ “ការឃោសនា និងសង្រ្គាមប្រព័ន្ធផ្សព្វផ្សាយ” របស់ប្រទេសលោកខាងលិច ហើយមានបំណងទាក់ទាញការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអាវុធបន្ថែមទៀតពីរដ្ឋលោកខាងលិច។
នៅក្នុងសុន្ទរកថាវីដេអូមួយយប់កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យអ៊ីរ៉ង់ពិចារណាឡើងវិញនូវអ្វីដែលលោកហៅថា “ការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធរបស់ខ្លួនដល់ប្រទេសរុស្ស៊ី” ដើម្បីបញ្ឈប់ការធ្លាក់ចូលទៅក្នុង “ផ្នែកងងឹតនៃប្រវត្តិសាស្ត្រ” ។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចបានចោទប្រកាន់អ៊ីរ៉ង់ថា បាននាំចេញយន្តហោះដ្រូនអត្តឃាតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះម្តងហើយម្តងទៀតថា “គ្មានមូលដ្ឋាន” ដោយនិយាយថា ខ្លួនបានផ្តល់ “ចំនួនមានកំណត់” នៃយន្តហោះដ្រូនដល់រុស្ស៊ីជាច្រើនខែមុនពេលចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែន៕