តូក្យូ ជប៉ុន ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។
លោក Austin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មួយជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា “សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីការពារសន្តិសុខរបស់ខ្លួន និងសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន ដោយរិះគន់ “ការបង្កហេតុបន្តរបស់កូរ៉េខាងជើង” ។
លោក Hamada បានលើកឡើងថា ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន នឹងមិនអត់ឱនចំពោះ “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដដែល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ដំណើរទស្សនកិច្ចរបស់លោក Austin ទៅកាន់ប្រទេសជប៉ុន បានកើតឡើង ខណៈដែលប្រទេសទាំងពីរ និងសម្ព័ន្ធមិត្តសន្តិសុខអាមេរិកមួយទៀត គឺកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នប្រឆាំងនឹង ការបាញ់កាំជ្រួចបន្ថែមទៀតដោយកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃពុធ នៃអ្វីដែលហៅថាផ្កាយរណប ឈ្លបយកការណ៍យោធា៕