ភ្នំពេញ ៖ ភ្ញៀវទេសចរអន្តរជាតិមកដល់កម្ពុជា តាមនាវាទេសចរណ៍ខ្នាតយក្សធំៗ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កន្លងមកនោះ ចង់ទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ។ ប៉ុន្តែមិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
លោកអនុរដ្ឋលេខាធិការបានឱ្យដឹងថា «ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត ដោយវិលល្ងាចឱ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរមិនទៀងទាត់ទៀត»។
លោក ហោ សារុន បានបញ្ជាក់ថា ចំណុចទាំងនេះ បានបញ្ជាក់ពីការខាតបង់កំណើនភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានអង្គរ ដោយសារបញ្ហាការដឹកជញ្ជូនតាមផ្លូវអាកាស ម្យ៉ាងទៀតការចាកចេញរបស់នាវាទេសចរណ៍អន្តរជាតិទាំងនោះក៏មិនទៀងទាត់។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឱ្យដឹងថា នៅឆ្នាំ២០១៧ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣០គ្រឿង ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២៥,៥៣៨នាក់។ នៅឆ្នាំ២០១៨ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកនូវចំនួននាវាទេសចរណ៍បាន ៣៧គ្រឿង កើនឡើង ២៣.៣៣% ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៤០,៥៩៨នាក់ កើនឡើង ៥៨.៩៧%។
លោក អគ្គនាយកកំពង់ផែស្វយ័តបានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន ៣០គ្រឿង កើនឡើង ៥៧.៨៩% ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ២៩,១១១នាក់ កើនឡើង ៧៨.២៥%។ សរុបទាំងអស់មានចំនួន ៩៧គ្រឿង ផ្ទុកភ្ញៀវទេសចរអន្តរជាតិសរុប ៩៥,២៤៧នាក់ ដែលនេះជាកំណើនមួយដ៏ល្អសម្រាប់កម្ពុជា។ ប៉ុន្តែការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណត្រឹមតែ ១៥ម៉ោង ប៉ុណ្ណោះ។
សូមបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលបានខិតខំពង្រីកព្រលានយន្តហោះ និងកំពង់ផែនៅខេត្តព្រះសីហនុនោះ ក៏ដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងបានមើលឃើញពីនិន្នាការភ្ញៀវទេសចរតាមនាវាទេសចរណ៍ ដែលសុទ្ធតែភ្ញៀវទេសចរធំៗកម្រិតខ្ពស់ ហើយមានមួយភាគធំចង់ភ្ជាប់ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានអង្គរផងដែរ៕