ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហាមយ៉ាងដាច់ណាត់មិនឲ្យអ្នកដឹកនាំក្រុមទេសចរ (Tour Leaders) ទាំងឡាយ ជូនលុយក្រៅផ្លូវការទៅមន្ត្រីនគរបាល នៅពេលបោះត្រាលើលិខិតឆ្លងដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬព្រលានយន្តហោះអន្តរជាតិ ហើយមិនត្រូវណែនាំឱ្យភ្ញៀវទេសចរបរទេសប្រព្រឹត្តទង្វើមិនគប្បីបែបនេះឡើយ ព្រោះគ្មានច្បាប់ណាតម្រូវឲ្យធ្វើបែបនេះនោះទេ។
ការហាមប្រាមនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមការរាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន មានការឲ្យលុយនៅពេលបោះត្រាលើលិខិតឆ្លងដែនរបស់ភ្ញៀវជនជាតិចិនខ្លះ នៅពេលដែលភ្ញៀវយកលិខិតឆ្លងដែននោះទៅឲ្យមន្ត្រីនគរបាលបោះត្រា តែមិនច្រើនទេត្រឹម ២០០០រៀល, ៥០០០រៀល ឬ ៥យ័ន តែប៉ុណ្ណោះ។
លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា «បងប្អូនចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹង គាត់រៀបឡើងឡានចេញហើយ គាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅ ដើម្បីគេវ៉ៃត្រាឱ្យ ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) និង៥យ័ន»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ទៀតថា ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អ ហើយជាអំពើខុសច្បាប់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធភ្លាមៗ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដែលបានមកចូលរួមប្រជុំផងដែរ ត្រូវផ្សព្វផ្សាយបញ្ជ្រាបបញ្ហានេះជាបន្ទាន់ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដាច់ខាតមិនឱ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀតឡើយ។
លោកតមរដ្ឋមន្ត្រី ថោង ខុន បានព្រមានថា បើមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងនោះ នៅតែប្រព្រឹត្តបែបនេះទៀត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ពោលគឺត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យបានចាប់ពីពេលនេះតទៅ៕






