ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម​គ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​​ចំនួន៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស​កាណាដា ប្រទេសជប៉ុន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ​អភិវឌ្ឍ​រោងចក្រ និងសហ​គ្រាស​ច្រើន ៕