ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ ក្នុងរដូវកាលកជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជារកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ។

សម្តេចតេជោ បានបន្ថែមថា គណបក្សប្រជាជនធ្វើអ្វីជាមួយប្រជាពលរដ្ឋគឺធ្វើតែម្ដងលើអ្វីដែលត្រូវធ្វើ និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាលរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​​ មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិតនេះ គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត៕