ភ្នំពេញ៖ វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា សកម្មភាពនៃការបរិច្ចាគឈាមមនុស្សធម៌នៅកម្ពុជា កំពុងមានការចូលរួមពីប្រជាពលរដ្ឋកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់នូវអំពើជួញដូរឈាម ពីសំណាក់ជនឆ្លៀតឱកាស ។
ពិធីអបអរសាទរទិវាពិភពលោក នៃអ្នកបរិច្ចេគឈាម ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ប្លាស្មា” នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត សុខ ប៉ូ លើកឡើងថា នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការឈាមមានការកើនឡើងពី ១៥ទៅជិត២០ភាគរយ ជាមួយនឹងការតម្រូវរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងប្រទេសនីមួយៗត្រូវមានឈាម ១ភាគរយ នៃចំនួនរបស់ប្រជាពលរដ្ឋសរុប ។
លោកវេជ្ជបណ្ឌិត បានបន្តថា សម្រាប់កម្ពុជា មានពលរដ្ឋជាង ១៧លាននាក់ ដូចនេះក៏ត្រូវមានអ្នកត្រូវបរិច្ចាគឈាមចំនួនប្រមាណ ១សែន៧ម៉ឺនាក់ ក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្នមានត្រឹមប្រមាណ ៦០ភាគរយប៉ុណ្ណោះ មិនឆ្លើយតបនឹងតម្រូវការ បើទោះបីអ្នកនាំចូលរួមបរិច្ចាគកើនឡើង ។
ក្នុងឱកាសនោះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន សម្ដែងនូវការគាំទ្រ និងអបអរសាទ ចំពោះសកម្មភាពបរិច្ចាគឈាមរបស់ពលរដ្ឋនេះ គឺពិតជាបានធ្វើនូវអំពើល្អ ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្ស ខណៈបច្ចុប្បន្ននេះ ចលនានៃការចូលរួមបរិច្ចាគឈាម កំពុងបង្កើននូវវប្បធម៌ដ៏ល្អមួយ ៕