ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧  ជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី

ភ្នំពេញ៖  ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​«គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។

ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមនិងវិស័យឯកជនពាក់ព័ន្ធ។

លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបន្តថា ការរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ពិតជាមានសារៈសំខាន់ ទើបក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន ៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយនេះ និងបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០១៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាពិសេសកម្មវិធី CAPRED, កម្មវិធី CRAS របស់ GIZ, អង្គការ HEKs ប្រចាំនៅកម្ពុជា, Harvest III , CIRD, CPSA, បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយនេះបន្តទៀតផងដែរ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥ ៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០ ៦១ហិកតា បរិមាណទិន្នផលមាន ៥០៨ ២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១ ៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១៥៥៧តោន៕