កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ ប៉ុន្ដែបើដូចជំហានយក្សរបស់ប៉ុលពល គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់។
សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងទៀតថា ការចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលនេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័ស៕