ភ្នំពែញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យដឹងថា ក្រុមការងារប្រទះឃើញកូនផ្សោតតាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។
នេះដំណឹងដ៏រីករាយសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល នៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕

