ក្នុងនាមប្រធានកិតិ្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សូមថ្លែងអំណរគុណជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចុះកៀកកិតស្និទជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
សកម្មភាពថ្ងៃនេះ គឺមានគ្រូពេទ្យស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញ ចំនួនជាង៣០០នាក់ និងគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំនៅខេត្តព្រៃវែង ចំនួនជាង៣០០នាក់ ដើម្បីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចែកឱសថ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលៈបង់ពេលវេលា ដើម្បីមកចូលរួមចំណែកលើកកម្ពស់សុខភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា គ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣ មានអាយុកាល១១ឆ្នាំមកហើយ និយាយជារួមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានគ្រូពេទ្យចំនួន១២,០៦៩នាក់ ចុះព្យាបាលជំងឺបានចំនួន១០៧៩លើក និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៧៨២,៨២១នាក់ (ដប់មួយលាន ចិតសិបប្រាំបីម៉ឺន ពីរពាន់ ប្រាំបីរយ ម្ភៃមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០២០,៨៥០នាក់ (ប្រាំមួយលាន ពីរម៉ឺន ប្រាំបីរយ ហាសិប នាក់) គិតត្រឹម ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ បានចំនួន២ ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី។
ជាមួយគ្នានោះដែរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាច្រើនលើកមកខេត្តព្រៃវែង ក្នុងការពិនិត្យ និងព្យាបាល ចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
លោក ជា សុមេធី បានបញ្ជាកថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ៕
