ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត អ៊ិត សំហេង អញ្ជើញសម្ពោធក្រុមហ៊ុនផលិតស្បែងជើងនៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ៦.៤លានដុល្លារអាមេរិក

កំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើងឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក។
លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។
លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង ក៏បានស្នើដល់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក សូមធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា និងបានស្នើឱ្យកម្មករនិយោជិត និងនិយោជកត្រូវចេះសាមគ្គីភាពគ្នារក្សាឱ្យបាននូវទំនាក់ទំនងល្អនឹងគ្នាដូចជាបងនិងប្អូន ឬជាដៃគូដែលមិនអាចអត់មួយណាបានឡើយ ដើម្បីពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាប្រែក្លាយរោងចក្រ សហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។ ប្រសិនជាថ្នាក់ដឹកនាំសហជីពមានធ្វើអ្វីមួយខុសឆ្គង និយោជកគួរចេះអធ្យាស្រ័យ ហៅមកអប់រំ និងណែនាំ ប្រសើរជាងការបណ្តេញចេញ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់៕