ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ០៧០នាក់ មកពីរោងចក្រចំនួន ៦ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ចំនួន ៥ និងខណ្ឌដង្កោ ចំនួន ១ ។
លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ក្នុងចំណោមរោងចក្រចំនួន ៦ខាងលើនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២, ផលិតផលធ្វើដំណើរ និងកាបូបចំនួន ២, ផលិតស្បែកជើងចំនួន ១, និងប៉ាក់លើសម្លៀកបំពាក់ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងអស់នេះ គឺនាំចេញទៅអាស៊ី សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងអង់គ្លេស។
លោកហេង សួរ បានបញ្ជាក់ថា នេះគឺជាកម្មវិធីទី៣ ដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងជុំទី២ ដែលលើកទី១ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានជួបជាមួយបងប្អូនប្រធានផ្នែក ប្រធានរដ្ឋបាលចំនួន ៣ ៧១៣នាក់ មកពី រោងចក្រចំនួន ៣៨៤ នៅក្នុងរាជធានីភ្នំពេញ, លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបជាមួយបងប្អូនប្រធានផ្នែក ប្រធានរដ្ឋបាលចំនួនចំនួន ៣ ៧៥៣នាក់ ផ្សេងទៀត មកពីរោងចក្រចំនួន ៣១៣ មកពីខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម, និងលើកទី៣ នៅថ្ងៃនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជិត ៣៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ៕




