ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តទាំង៥ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា, អភិបាលខេត្តបាត់ដំបង លោក សុខ លូ, អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង លោក ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ។
ចំណែកតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ,លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ, និងលោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិ ដើម្បីពិនិត្យមើលស្ថានភាពតំបន់ឡូដ៍ ឬជម្រុកត្រីសំខាន់ៗនៅតាមបណ្តាខេត្តទាំងនោះ ដោយរួមមានដូចជា តំបន់ឆ្នុកទ្រូ ជ្រោយស្តី កំពង់ប្រាក់ បឹងទន្លេឆ្មារ កំពង់ភ្លុក និងព្រែកទាល់ជាដើម។
សូមជម្រាបជូនថា ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបពីសំណាក់គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបនាពេលនេះ ធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ខែមិថុនាដល់ខែតុលា គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទ បន្តពូជរកចំណីនិងលូតលាស់ធំធាត់ ក្នុងនោះ រួមមាន៖ ត្រីរៀលតុប និងរៀលអង្កាម ផងដែរ ដែលតំណាងឱ្យផលចាប់ត្រីទឹកសាបភាគច្រើននៅក្នុងប្រទេសកម្ពុជា។
នាឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់វិធានការម៉ឺងមាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវនិងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ខុសច្បាប់ បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់៕