ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃបាញ់កម្ទេចចោលយន្តហោះគ្មានមនុស្សបើក (Drone) ដែលមកធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។
សម្ដេចតេជោ ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា បើអង្គភាពណាបាញ់ធ្លាក់ទ្រូននេះមួយគ្រឿងសម្ដចនឹងផ្ដល់រង្វាន់ ២០ ម៉ឺនដុល្លារអាមេរិក។
សម្ដេចតេជោ បានចេញបទបញ្ជាបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣៕

