ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ក្រុមការងារបក្សប្រចាំ៣ខេត្ត នៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា

 

ក្រុមការងារបក្សប្រចាំខេត្ត កាណាហ្គាវ៉ា សៃតាម៉ា និងហ្គូនម៉ាក់ នៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា ។

កម្មវិធីនេះប្រារព្ធធ្វើនៅខេត្តសៃតាម៉ា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា ជាទិវាគម្រប់ខួបលើកទី៧២ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។

លោកស្រី ខោ សុផាន់ណារ៉ា ប្រធានសាខាបក្ស ប្រចាំខេត្តសៃតាម៉ា នៅប្រទេសជប៉ុននៃគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរព និងដឹងគុណ ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មបម្រើជាតិរយៈពេល ៤៣ឆ្នាំមកនេះ។

លោកស្រី បន្តទៀតថា នាងខ្ញុំ សូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនានៅគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងសុភមង្គលរបស់មាតុភូមិ និងប្រជាជន។
យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីកសាង និងការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរគង់វង្សជារៀងរហូត។

 

ក្នុងឳកាសនោះលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន បានមានមតិសំណេះសំណាល និងបកស្រាយស្តីអំពីយុទ្ធសាស្រ្ត គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចសហប្រតិបត្តិការតាមបណ្តាប្រទេសជាសមាជិក ដោយប្រទេសកម្ពុជាជាប្រទេសមួយដែលមានជំហរគោលនយោបាយរឹងមាំ មានការគាំទ្រស្ទើរទាំងស្រុងនូវការដាក់ចេញគោលនយោបាយផ្ទៃក្នុង និងគោលនយោបាយការបរទេសរបស់កម្ពុជា ។

លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជន កម្ពុជា ដែលបានរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ។ ក្នុងរយះពេល៤៣ឆ្នាំកន្លងមកនេះក្រោមការដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យទាំងអស់ ។

លោកឯកអគ្គរាជទូត ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ២០២៣ ។

កុំភ្លេចគណបក្សប្រជាជន កម្ពុជា ដែលមានលេខរៀង១៨ មានរូបសញ្ញាទេវតា បាចផ្កា​ ជាសម្គាល់ ៕