ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញ

ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស  ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។
ក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាពនិងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់។
ដោយមើលឃើញពីវឌ្ឍនភាពបែបនេះ លោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ លោកចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុ ជាដើម។
លោកបណ្ឌិត អ៊ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លោក្រដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ៕