ភ្នំពេញ៖ តាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបចំនួន១១.១លាននាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បញ្ជាក់ថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩ភាគរយ ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦ភាគរយ និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦ភាគរយ។
ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។
លោករដ្ឋមន្ត្រីបានបន្តថា ជើងហោះហើរអន្តរជាតិចូលសរុប១០,៦៣៥ជើង ក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង
– អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០ភាគរយ ធៀបនឹងឆ្នាំ២០២២៕