ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ 

ភ្នំពេញ៖ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួង នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៣។
លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផល ប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។
ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូលរួមសហការណ៍គ្នាល្អពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការបង្កើតឱ្យមានអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីស្តាប់ពីតម្រូវការ បញ្ហារបស់កសិករ និងជួយពួកគាត់បានទាន់ពេលវេលា។
លើសពីនេះទៀត គឺការជំរុញការចងក្រងសហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមនានាលើផលិតកម្ម ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគីអាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕