លោក ឈួនន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការបង្ហាញសក្តានុពលវិនិយោគ និងកាលានុវត្តនភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិន និងពាណិជ្ជករចិន នៅក្នុងទីក្រុង យានថាយ ខេត្តសាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការបណ្តាក់ទុន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
បទបង្ហាញរបស់ លោក ឈួន ដារ៉ា នេះបានធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកមម និងវិនិយោគកម្ពុជា-ចិន (សានទុង) ដែលរៀបចំឡើងនៅទីក្រុងយានថាយ នៃខេត្តសានទុង កាលពីថ្ងៃព្រឹកទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងធរុជនចិន ប្រមាណជាង ២០០នាក់។
លោក ឈួន ដារ៉ា បានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយកម្ពុជាទៅជាបណ្តុំរោងចក្រនៅអាស៊ី និងពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅពឹងផ្អែកលើជំនាញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោកបានបង្ហាញជំនឿមុតមាំថា តាមរយៈវេទិកានេះ មិនត្រឹមតែផ្ដល់ឱកាសសម្រាប់ធុរជន និងវិនិយោគិនចិន បានសិក្សាស្វែងយល់អំពីសក្តានុពលប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់ និងផ្លូវ» ផ្តួចផ្តើមដោយប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង។
លោកក៏បានថ្លែងថា សូមអំណរគុណអាជ្ញាធរ និងវិនិយោគិនខេត្តសានទុង ដែលបានកំពុងបណ្តាក់ទុនធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តវិនិយោគិន និងធុរជន ដែលបានចូលរួមនៅក្នុងវេទិកាថ្ងៃនេះ ធ្វើទស្សនកិច្ចប្រទេស កម្ពុជា ដើម្បីស្វែងយល់កាលានុវត្តភាពវិនិយោគ លើវិស័យដ៏មានសក្តានុពលផ្សេងទៀតផងដែរ។




