ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហ្សង់ ហ្រ្វង់ស័រ តាន់ “លាជាមុន លាហើយវិទ្យុបារាំង RFI”

ភ្នំពេញ: នៅថ្ងៃទី៣១សីហាខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀត ខ្ញុំនឹងបញ្ចប់តួនាទីរបស់ខ្ញុំនៅវិទ្យុបារាំងអន្តរជាតិRFI។ ខ្ញុំបានជូនដំណឹងស្តីពីការចាកចេញនេះរបស់ខ្ញុំដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥មីនា កាលពីជាងបួនខែមុន។

ប៉ុន្តែ គាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់ការផ្សាយជាខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយតាមប្រពន្ធ័ឌីជីថលទាំងស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ។

តាំងពីថ្ងៃចន្ទទី៣១កក្កដាមក អស់មានទៀតហើយសំឡេងរបស់វិទ្យុបារាំងRFIតាមរលកអាកាសFMនៅកម្ពុជា។ ផ្ទុយទៅវិញ ការផ្សាយ ជាអាទិ៍តាមFacebook ត្រូវបានពង្រីកនិងពង្រឹងប្រកបដោយលក្ខណៈសម្បូរបែប ដោយសារការប្រឹងប្រែងរួមគ្នារវាងក្រុមការងារនៅភ្នំពេញនិងក្រុមការងារនៅប៉ារីស។

ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFIរហូតដល់ចុងខែសីហាក្តី ក៏ខ្ញុំសូមឆ្លៀតពេលសរសេរថ្លែងអំណរគុណនិងសរសេរលាឱ្យហើយប្រិយមិត្តទាំងអស់ដែលគាំទ្រខ្ញុំបាទ ជាយូរឆ្នាំកន្លងមកហើយ…
ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទដំបូងគេបង្អស់នៅប៉ារីសនិងជាយក្រុងប៉ារីសដែល ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុRFI តាមរលកអាកាសមធ្យមOM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅកម្ពុជាដែល ពីឆ្នាំ២០០៥ដល់ឆ្នាំ២០២៣ តាមដានស្តាប់វិទ្យុRFIតាមរលកអាកាសFM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅគ្រប់ជ្រុងជ្រយ ក្នុងពិភពលោកដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុRFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ ចំពោះការគាំទ្រនិងសេចក្តី ស្រឡាញ់ទាំងអស់នេះ ខ្ញុំសូមលំឱនកាយសំពះដឹងគុណ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនកូនក្មួយ…

ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សូមឆ្លៀតផ្ញើក្តីនឹករលឹកទៅកាន់លោកពូៗនិងអ្នកមីងៗ(គាត់ចាស់ៗអស់ហើយ)ដែលជាសហការីជំនាន់ទីមួយរបស់ខ្ញុំនៅវិទ្យុRFI។ សុទ្ធសឹងជាបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់សម័យមុន ដូចជាលោក វ៉ាន់ឌី កាអុន, លោក សុទ្ធ ប៉ូលីន, លោក កែវ ឆៃយ៉ា, លោក រស់ ចន្ត្រាបុត្រ, លោកស្រី បុិច សង្វាវ៉ាន់…។ ចំពោះការជួយផ្នែកភាសាខ្មែរ(កាលសម័យហ្នឹង ភាសាខ្មែរខ្ញុំមិនជ្រៅជ្រះ) ក្មួយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលំឱនកាយសំពះដឹងគុណ លោកពូៗ និងអ្នកមីងៗ…

ខ្ញុំក៏សូមឆ្លៀតអរគុណសហការីជំនាន់ទី២ ទី៣ និងទី៤ នៅប៉ារីសក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFIតទៅ ទៀត។ រីឯមួយចំនួនតូចបានក្លាយជាសមាជិករាជរដ្ឋាភិបាលឬ ជាឧត្តមមន្ត្រីនៅកម្ពុជា។ ចាប់ពីថ្ងៃទី១កញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងឡើងកាន់តំណែងជាអ្នកដឹកនាំវិទ្យុRFIជាខេមរភាសា គ្រប់គ្រងក្រុមការងារនៅប៉ារីសនិងនៅភ្នំពេញ។

ចុងក្រោយបង្អស់ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៣មក។ អរគុណចំពោះទំនុកចិត្ត អរគុណចំពោះតំណែងជាបន្តបន្ទាប់ អរគុណដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFI បើកលទ្ធភាពឱ្យខ្ញុំបាទបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរ ដើម្បីប្រយោជន៍នៃកម្ពុជា៕

ហ្សង់ ហ្វ្រង់ស័រ តាន់